(ប៉េកាំង)៖ ក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលចិននឹងលើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT) ចំនួន ៣% លើក្រុមហ៊ុនតូចៗមួយចំនួន ដែលជាប្រភពផ្តល់ការងារដ៏សំខាន់របស់ប្រទេសនេះ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងថា ការលើកលែងពន្ធនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា វិធានការនេះគឺជាផ្នែកមួយនៃគោលនយោបាយមួយចំនួនដែលមានគោលបំណងគាំទ្រដល់ក្រុមហ៊ុនតូចៗ និងបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងនោះក្នុងគ្រាដែលមានការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ និងក្នុងគ្រាដែលមានសេដ្ឋកិច្ចធ្លាក់ចុះ។

ដើម្បីពង្រឹងស្ថិរភាពសេដ្ឋកិច្ច ប្រទេសចិនបានសន្យាថានឹងផ្តល់ប្រាក់បង្វិលពន្ធលើតម្លៃបន្ថែម (VAT rebate) ចំនួន ១,៥ពាន់ពាន់លានយន់ (២៣៥,៤៧ប៊ីលានដុល្លារ) ដើម្បីទប់ទល់សម្ពាធហិរញ្ញវត្ថុលើក្រុមហ៊ុនតូចៗ។

លោក Xu Hongcai អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ក្រុមហ៊ុនតូចៗទាំងអស់អាចទាមទារប្រាក់បង្វិលសងពន្ធលើតម្លៃបន្ថែម ១០០% នៅឆ្នាំនេះធៀបនឹង ៦០% កាលពីមុន។

លើសពីនេះទៀត ក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងថា ទឹកប្រាក់សរុបចំនួន ១,២ទ្រីលានយ័ននៃការទូទាត់ផ្ទេរពិសេសដោយរដ្ឋាភិបាលកណ្តាលទៅរដ្ឋាភិបាលក្នុងតំបន់ត្រូវបានរៀបចំឡើង ដើម្បីគាំទ្រការបញ្ចុះតម្លៃពន្ធ និងការងារ។ កញ្ចប់ដំបូងនៃការទូទាត់ផ្ទេរពិសេសដែលមានចំនួន ៤០០ប៊ីលានយន់ត្រូវបានចេញកាលពីថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕