(ក្រុងឡុងដ៍)៖ មន្ត្រីរបស់អង្គការប្រទេសនាំចេញប្រេង (OPEC) ជឿថា ការហាមឃាត់របស់សហភាពអឺរ៉ុបដែលអាចកើតមានលើការទិញប្រេងពីប្រទេសរុស្ស៊ី នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ហើយអង្គការនេះបានបង្ហាញក្តីព្រួយបារម្ភរបស់ខ្លួនដែលកើតមានចំពោះទីក្រុងព្រុចសែល នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពពីអង្គការ OPEC ថា សមាជិកសំខាន់ៗរបស់អង្គការនាំចេញប្រេងមួយនេះ ដូចជាប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម បានព្យាយាមស្វែងរកផ្លូវអព្យាក្រឹតមួយរវាងប្រទេសលោកខាងលិច និងទីក្រុងមូស្គូ ខណៈដែលក្រុមប្រទេស OPEC+ ដែលជាក្រុមប្រទេសផលិតប្រេងរួមបញ្ចូលទាំងរុស្ស៊ីផងដែរនោះ បានព្យាយាមមិននិយាយអំពីបញ្ហាអ៊ុយក្រែននៅក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួន។

សហភាពអឺរ៉ុប ដែលពឹងផ្អែកខ្លាំងលើប្រេងឆៅរបស់រុស្ស៊ី បានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើប្រទេសរុស្ស៊ីរួចហើយ រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរបស់រុស្ស៊ីទៀតផង។ ប្លុកនេះកំពុងពិភាក្សាថាតើត្រូវធ្វើ និងធ្វើដោយរបៀបណាក្នុងការដាក់ទណ្ឌកម្មលើឧស្សាហកម្មថាមពលរបស់រុស្ស៊ី។

មន្ត្រីអង្គការ OPEC រួមទាំងអគ្គលេខាធិការលោក Mohammad Barkindo បានជួបជាមួយលោក Kadri Simson ស្នងការទីភ្នាក់ងារថាមពលសហភាពអឺរ៉ុបនៅថ្ងៃទី១៦ ខែមីនាដើម្បីពិភាក្សាអំពី «ពេលវេលាវិសាមញ្ញ» សម្រាប់ទីផ្សារថាមពល។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រដែលបានដកស្រង់សំដីរបស់លោក Simson បានបង្ហោះនៅលើ Twitter ។

ប្រភពមួយក្នុងចំណោមប្រភពពី OPEC បាននិយាយថា ការព្រួយបារម្ភរបស់អង្គការ OPEC ត្រូវបានបញ្ជាក់យ៉ាងច្បាស់ចំពោះសហភាពអឺរ៉ុប។ ដោយបដិសេធមិនបង្ហាញអត្តសញ្ញាណ ប្រភពដដែលនេះបានថ្លែងថា៖ «ពួកគេដឹងយ៉ាងច្បាស់អំពីក្តីបារម្ភនេះ»

នៅពេលស្នើសុំការអត្ថាធិប្បាយអំពីកិច្ចប្រជុំថ្ងៃទី១៦ ខែមីនា មន្ត្រីសហភាពអឺរ៉ុបម្នាក់បាននិយាយថា៖ «អង្គការ OPEC បានបង្ហាញការវិភាគរបស់ពួកគេអំពីស្ថានភាពទីផ្សារប្រេង និងបានជូនដំណឹងដល់យើងអំពីផែនការរបស់ពួកគេទាក់ទងនឹងការផលិតប្រេង»

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានខ្វែងគំនិតគ្នាថា តើត្រូវដាក់ទណ្ឌកម្មដោយរបៀប ណាទៅលើវិស័យថាមពលរុស្ស៊ី។

ប្រភពពីអង្គការ OPEC បាននិយាយថា ការបញ្ឈប់ការហាមឃាត់លើការទិញប្រេងរបស់រុស្ស៊ីនឹងបង្ហាញថា ប្រទេសសមាជិកសហភាពអឺរ៉ុបសម្រេចចិត្តដោយសារបញ្ហាថាមពលរបស់ពួកគេ មិនមែនដោយសារបំណងចង់បញ្ឈប់របស់ប្រទេសទាំងនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕