(ភ្នំពេញ)៖ ធនាគារស្បៀងកម្ពុជា (DMDI Cambodia Food Bank) ត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមកិច្ចខិតខំរបស់សហគមន៍ខ្មែរឥស្លាមកម្ពុជា និងពិភពម៉ាឡាយូពិភពឥស្លាម (DMDI) នៃប្រទេសម៉ាឡេស៉ី ដើម្បីជួយគាំពារដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។

ពិធីបើកសម្ពោធធនាគារស្បៀងកម្ពុជាជាផ្លូវការនេះ ត្រូវបានប្រារព្ធឡើងនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេច ហាច់ជិ មហាម៉ាត់ អាលី ប៊ីន មហាម៉ាត់ រូសស្តាម (Hj Mohd Ali Bin Mohd Rustam) ដែលជាអភិបាលរដ្ឋម៉ាឡាកា ប្រទេសម៉ាឡេស៊ី និងជាប្រធានពិភពម៉ាឡាយូពិភពឥស្លាម (DMDI) និងមានវត្តមានលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធាន DMDI និងជាប្រធាន SDMDI ប្រចាំនៅកម្ពុជា។

គម្រោងនេះត្រូវបានបង្កើតឡើងពីគំនិតផ្តួចផ្តើមរបស់សម្តេច ហាច់ជិ មហាម៉ាត់ អាលី ប៊ីន មហាម៉ាត់ រូសស្តាម និងលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដោយមានការគាំទ្រនិងជ្រោមជ្រែងពីសំណាក់លោក អ៉ីលឌីន ហ៊ូសៃនី មហាម៉ាត់ ហាស្ស៉ីម (Eldeen Husaini Mohd Hashim) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីប្រមូលបរិច្ចាគទានពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅស្រុក យកមកជួយដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។

ការដំណើរការធនាគារស្បៀងកម្ពុជានេះដែរ ក៏ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់សហគមន៍ខ្មែរឥស្លាមកម្ពុជាផងដែរ។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ធនាគារស្បៀងកម្ពុជានឹងដើរតួយ៉ាងសំខាន់ក្នុងការជួយដោះស្រាយ​ដល់ជីវភាពរបស់​ប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ ស្របទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។

លោកទេសរដ្ឋមន្ត្រីបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ក្រោយពីការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ធនាគារស្បៀងនឹងចូលរួមគាំទ្របរិច្ចាគពីសំណាក់ សប្បុរសជនក្នុងស្រុក ថ្នាក់ដឹកនាំឥស្លាមកម្ពុជា មន្ត្រីរាជការ វិនិយោគិន សហគ្រិន ក៏ដូចជាសប្បុរសជនក្រៅប្រទេស ដើម្បីចូលរួមសហការជាមួយធនាគារស្បៀងនេះ។

គួរជម្រាបថា ក្នុងពិធីសម្ពោធនោះក៏មានការចែកអំណោយជានិម្មិតរូបចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ស្ករស២គីឡូក្រាម អំបិល១គីឡូក្រាម ទឹកត្រី២ដប ដែលជាអំណោយរួមរបស់ថ្នាក់ដឹកនាំ ធនាគារស្បៀង និងថ្នាក់ដឹកនាំឥស្លាមកម្ពុជា។

យោងតាមសាវតា ពិភពម៉ាឡាយូពិភពឥស្លាម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ នៅប្រទេសម៉ាឡេស៊ី ដើម្បីសាមគ្គីភាព ក្នុងចំណោមប្រជាជនមូស្លីមម៉ាឡេ ដូចជាការលើកកម្ពស់ កិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាពទាំងអស់នៃការអភិវឌ្ឍក្នុងចំណោមប្រជាជនមូស្លីមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងទៀតក្នុងពិភពលោក។ នៅឆ្នាំ២០១២ ពិភពម៉ាឡាយូពិភពឥស្លាម ក៏បានបង្កើតលេខាធិការដ្ឋានរបស់ខ្លួននៅកម្ពុជា ដែលមានលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាប្រធាន។

សម្រាប់កម្ពុជា តាមរយៈមូលនិធិរបស់ពិភពម៉ាឡាយូពិភពឥស្លាម គឺនឹងមានការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតបន្តការសិក្សា នៅតាមសកលវិទ្យាល័យនៅរដ្ឋម៉ាឡាកា និងជួយការងារមនុស្សធម៌ ដូចជាកសាងវិហារ សាលារៀន សិក្ខាសាលា វគ្គបណ្តុះបណ្តាលគ្រូបង្រៀន ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស គម្ពីរអាល់គួអាន និងជំនួយគ្រោះធម្មជាតិជាដើម។

រីឯសមាជិកពិភពម៉ាឡាយូពិភពឥស្លាមមាន២៣ប្រទេស ក្នុងនោះរួមមាន កម្ពុជា ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត ព្រុយណេ ហ្វីលីពីន ទីម័រខាងកើត ចក្រភពអង់គ្លេស ម៉ាដាហ្កាស្កា អូស្ត្រាលី អាហ្វ្រិកខាងត្បូង អេហ្ស៉ីប បូស្នី ហ្សេហ្គោវីណា នែតដឺឡង់ (ហូឡង់) ម៉ាល់ឌីវ បង់ក្លាដែស កាណាដា ស៊ូរីណាម និងស្រីលង្កា៕