(ភ្នំពេញ)៖ គណៈប្រតិភូម៉ាទ្បេស៊ី ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគ ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល វិជ្ជាជីវៈ អចលនទ្រព្យ រ៉ែ និងថាមពល។

ការចាប់អារម្មណ៍ វិនិយោគលើវិស័យទាំងនេះ បានលើកឡើងក្នុងជំនួបពិភាក្សាការងារ រវាង លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូម៉ាទ្បេស៊ី ដឹកនាំដោយឯកឧត្តម Haji Mohd Ali Bin Mohd Rustam អភិបាលរដ្ឋម៉ាទ្បាកា នៃប្រទេសម៉ាទ្បេស៊ី និងEldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាទ្បេស៊ី ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នាវិមានរដ្ឋាភិបាលនៃទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបនេះ លោក នុត អ៊ុនវ័ណរ៉ា បានបង្ហាញកាលានុវត្តភាពវិនិយោគដែលកម្ពុជាមាន និងការវិវត្តថ្មីៗនៃកិច្ចការទាក់ទងនឹងវិនិយោគ ពិសេសច្បាប់ស្តីពីវិនិយោគថ្មីនៃ កម្ពុជាដែលបានចូលជាធរមានកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ដោយក្នុងច្បាប់ថ្មីនេះមានការកំណត់នូវវិស័យនិងសកម្មភាពវិនិយោគអាទិភាព ការផ្តល់ការលើកទឹកចិត្ត និងការការពារវិនិយោគជាដើម ហើយដែលមានភាពប្រសើរ និងទាក់ទាញជាងមុន។

លោក Haji Mohd Ali Bin Mohd Rustam អភិបាលរដ្ឋម៉ាទ្បាកា នៃប្រទេសម៉ាទ្បេស៊ី បានសន្យានឹងធ្វើការពាំនាំយកនូវព័ត៌មានស្តីពីសក្តានុពលវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍរីកចម្រើនទាំងឡាយដែលឯកឧត្តមបានឃើញ និងសែ្វងយល់ដោយផ្ទាល់ក្នុងដំណើរទស្សនកិច្ចនេះទៅជម្រាបជូនមិត្តភក្តិ និងវិនិយោគិនម៉ាទ្បេស៊ីនៅរដ្ឋម៉ាទ្បាកា ដើម្បីឱ្យបានជ្រាបរួចមកសិក្សានិងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត និងដើម្បីបន្តរឹតចំណងមិត្តភាព និងទំនាក់ទំនងនៃប្រជាជាតិទាំងពីរ។

លោកក៏បានសម្តែងនូវអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកប ដោយគតិបណ្ឌិត និងវៃឆ្លាត របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឱ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។

លោក នុត អ៊ុនវ័ណរ៉ា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញារបស់ លោកអភិបាលរដ្ឋម៉ាឡាកាក្នុងការកៀរគរវិនិយោគិនម៉ាទ្បេស៊ីនៅរដ្ឋម៉ាទ្បាកាមកកាន់កម្ពុជា និងបានបង្ហាញពីទឹកចិត្តសោមនស្ស និងការត្រៀមរួចជាស្រេចក្នុងការសហការជាមួយ លោកឯកអគ្គរដ្ឋទូត និងមន្ត្រីនៃស្ថានទូតម៉ាទ្បេស៊ីប្រចាំនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានស្តីពីវិនិយោគ និងសម្របសម្រួលរាល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគម៉ាទ្បេស៊ីដទៃទៀតនាពេលខាងមុខ។

គួរកត់សម្គាល់ថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនម៉ាទ្បេស៊ីចំនួន ១៦២គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ៣.២ប៊ីលានដុល្លារអាមេរិក ៕