(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឱ្យដឹងថា មូលនិធិចំនួន៥០លានដុល្លារបន្ថែម ក្នុងដំណាក់ទី២ របស់រាជរដ្ឋាភិបាល ផ្តល់ជូនធនាគារ ARDB សម្រាប់ឆ្នាំ២០២២ បានចាប់ផ្តើមផ្តល់ឥណទានដល់ សហគ្រាស សិប្បកម្ម និងអ្នកកែច្នៃ តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក ដោយមានម្ចាស់អាជីវកម្មជាច្រើន បានដាក់ពាក្យស្នើសុំ ខណៈធនាគារនេះ បានបន្តផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសនេះ ជាបន្តបន្ទាប់ដល់សហគមន៍កសិកម្ម កសិករ និងម្ចាស់អាជីវកម្ម ដើម្បីលើកស្ទួយការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម ការដាំដុះបន្លែផ្លែឈើ និងការកែច្នៃផលិតកសិកម្ម។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ លោកបណ្ឌិត កៅ ថាច ដែលបាននិងកំពុងចុះផ្សព្វផ្សាយ គម្រោងហិរញ្ញប្បទានពិសេស តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប និងខេត្តមួយចំនួនទៀត បានឲ្យដឹងថា ក្នុងការផ្តល់ឥណទាន ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន ក្នុងដំណាក់កាលទី២នេះ ARDB នឹងផ្តល់សេវាកម្មឥណទានលឿនជាងមុន ក្នុងអត្រាការប្រាក់ទាប៥% សម្រាប់ទុនបង្វិល និង៥.៥%សម្រាប់ទុនវិនិយោគ ដោយពេលបច្ចុប្បន្ន ធនាគារមានការិយាល័យចល័ត នៅតាមបណ្តាខេត្តជាច្រើន ដើម្បីបង្ខិតការផ្តល់សេវារបស់ធនាគារ ទៅដល់អតិថិជនបានលឿនរហ័ស និងបានកាន់តែច្រើនជាង។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្ថែមមូលនិធិចំនួន ១០០លានដុល្លារ ក្នុងនោះ៥០លានដុល្លារធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង៥០លានដុល្លារ សម្រាប់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ការគាំទ្របន្ថែម ដល់វិស័យសហគ្រាស ធុនតូច និងមធ្យមកម្ពុជា វិស័យកសិកម្ម និងវិស័យកសិឧស្សាហកម្ម។

បណ្ឌិត កៅ ថាច បាន ឱ្យដឹងថា បន្ថែមពីការផ្តល់ឥណទានពីហិរញ្ញប្បទានដំណាក់កាលទី២នេះ ARDB នឹងសហការជាមួយធនាគារ និងគ្រឹះស្ថានដៃគូ ដើម្បីផ្តល់កម្ចីបានកាន់តែច្រើន និងមានប្រសិទ្ធភាពជាងមុន។

លោកនលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគិតថាដំណាក់ទី២នេះ នឹងមានប្រសិទ្ធភាពដូចដំណាក់កាលទី១ ហើយប្រសិទ្ធិភាពនេះ វាអាចនឹងកើតច្រើន ដោយសារក្នុងដំណាក់កាលទី២នេះ យើងចាប់ផ្តើមធ្វើការជាមួយនឹងធនាគារ និងគ្រឹះស្ថានដៃគូមួយចំនួន ដើម្បីមូលនិធិគ្នាផ្តល់ឥណទាន ក្នុងវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងនោះមានការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម ការដាំដុះបន្លែផ្លែឈើ ការកែច្នៃផលិតកសិកម្ម»

គួររំលឹកថា កាលឆ្នាំ២០២០កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ហិរញ្ញប្បទានពិសេសដល់ធនាគារ ARDB ចំនួន៥០លានដុល្លារ សម្រាប់ផ្តល់ឥណទានលើការចិញ្ចឹមសត្វ ការដាំដុះបន្លែ ផ្លែឈើ ការធ្វើវារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ជាដើម។

បើតាមបណ្ឌិត កៅ ថាច ក្នុងដំណាក់កាលទី១ ធនាគារ ARDB បានផ្តល់កម្ចីចំនួនជាង៥២លានដុល្លារ ដោយរួមបញ្ចូលទុនរបស់ធនាគារដែរ ដោយសារមានតម្រូវការច្រើន ហើយថវិកាដំណាក់កាលដំបូងនេះ ជួយយ៉ាងច្រើនដល់ម្ចាស់អាជីវកម្ម កសិករ អ្នកកែច្នៃ ឱ្យកាន់តែរីកចម្រើន មានជីវភាពល្អជាងមុន។ តាមការវាយតម្លៃពីក្រុមការងារពិសេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកទទួលកម្ចី បានប្រើប្រាស់ឥណទាន ស្របតាមគោលដៅ និងអាជីវកម្មមានការរីកចម្រើន ដោយពង្រីកមុខរបររបស់ខ្លួនធំជាងមុន។

កាលពីឆ្នាំ២០២១ ធនាគារ ARDB បានបញ្ចេញទុនសរុបប្រមាណជាង៣០០លានដុល្លារ សម្រាប់ផ្តល់ឥណទាន ផ្តល់ការគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា វិស័យកសិកម្ម និងវិស័យស្រូវអង្ករ ដែលកើនឡើងប្រមាណជិត១០០%៕