(បាងកក)៖ និយតករទីផ្សាររបស់ប្រទេសថៃបានឱ្យដឹងនៅថ្ងៃពុធថា ប្រទេសថៃបានចេញច្បាប់ហាមឃាត់ការប្រើប្រាស់រូបិយប័ណ្ណឌីជីថលសម្រាប់ទូទាត់ថ្លៃទំនិញ និងសេវាកម្មចាប់ពីថ្ងៃទី១ ខែមេសាតទៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញដោយគណៈកម្មការមូលបត្រថៃ (SEC) ថា វិធានការនេះធ្វើឡើងស្របតាមការពិភាក្សានាពេលកន្លងមករវាង SEC និងធនាគារកណ្តាលថៃ (BOT) ស្តីពីតម្រូវការគ្រប់គ្រងសកម្មភាពបែបនេះដែលធ្វើឡើងដោយប្រតិបត្តិករអាជីវកម្មទ្រព្យសកម្មឌីជីថល ព្រោះវាអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសថៃ និងសេដ្ឋកិច្ចទាំងមូល។

សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងទៀតថា ប្រតិបត្តិករអាជីវកម្មទ្រព្យសកម្មឌីជីថលដែលផ្តល់សេវាកម្មបែបនេះត្រូវតែគោរពតាមច្បាប់ថ្មីនេះក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់ពីច្បាប់នេះចូលជាធរមាន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ធនាគារកណ្តាលថៃ BOT បានឱ្យដឹងម្តងហើយម្តងទៀតថា ខ្លួនមិនគាំទ្ររូបិយប័ណ្ណគ្រីបតូសម្រាប់ធ្វើការទូទាត់នោះទេ។ ធនាគារកណ្តាលនេះនឹងរៀបចំធ្វើសនិ្នសីទកាសែតមួយដើម្បីនិយាយអំពីគោលការណ៍ណែនាំ សម្រាប់អាជីវកម្មទ្រព្យសកម្មឌីជីថលរបស់ធនាគារនានា។

កាលពីខែមករាដើមឆ្នាំនេះ និយតករនៅក្នុងប្រទេសឥណ្ឌូនេស៊ីក៏បានព្រមានក្រុមហ៊ុនហិរញ្ញវត្ថុមិនឱ្យផ្តល់ និងសម្រួលដល់ការលក់រូបិយប័ណ្ណគ្រីបតូផងដែរ ក្នុងគ្រាដែលមានការកើនឡើងការប្រើប្រាស់រូបិយប័ណ្ណទំាងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕