(ភ្នំពេញ)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ទោះបីកម្ពុជាស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏វិស័យមីក្រូហិរញ្ញវត្ថុ នៅតែរក្សាការរីកចម្រើន និងដើរតួនាទីសំខាន់ ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

ការលើកឡើងរបស់លោក គិត សុវណ្ណារិទ្ធ ធ្វើឡើងក្នុងឱកាសចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

លោក គិត សុវណ្ណារិទ្ធ បានឲ្យដឹងថា «ជាក់ស្ដែងក្នុងឆ្នាំ២០២១ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមាន៣៧,៣០ ទ្រីលានរៀល ស្មើ៩.១៦ប៊ីលានដុល្លារអាមេរិក ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ៣១.៩៦ទ្រីលានរៀល ស្មើ៧.៨៤ប៊ីលានដុល្លារអាមេរិក ត្រូវបានផ្តល់ដល់អតិថិជនជាង១.៩៧លានគណនី និងគណនីប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើមានចំនួនជាង២.៥៧លានគណនី ដែលមានទំហំប្រាក់បញ្ញើសរុប១៦.៨៤ទ្រីលានរៀល ស្មើ៤.១៣ប៊ីលានដុល្លារអាមេរិក»។

លោកចាត់ទុកលទ្ធផលសម្រេចបាននេះ មកពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាល និងការចូលរួមសហការពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

លោក គិត សុវណ្ណារិទ្ធ ឲ្យដឹងទៀតថា បន្ថែមពីតួនាទីជាសារវ័ន្តរបស់ខ្លួនទៀតនោះ វិស័យមីក្រូហិរញ្ញវត្ថុក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាថែមទៀតផង តាមរយៈការកាត់បន្ថយគម្លាត នៃការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ រវាងប្រជាជនក្នុងទីប្រជុំជន និងទីជនបទ ដើម្បីមានលទ្ធភាពបំពេញតម្រូវការសេវាហិរញ្ញវត្ថុ ទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចគាំពារតាមផ្លូវច្បាប់ ចំពោះប្រជាជននៅតាមតំបន់ដាច់ស្រយាលដែលពុំមានប្រតិបត្តិការធនាគារទៅដល់នោះ។

លោកបានបញ្ជាក់ថា ទោះបីវិស័យមីក្រូហិរញ្ញវត្ថុកន្លងមកការរីកចម្រើនពិតមែនតែ វិស័យនេះក៏នៅមានការប្រឈមមុខនឹងបញ្ហាចម្បងៗមួយចំនួន ចាំបាច់ត្រូវយកចិត្តទុកដាក់ពីគ្រប់អ្នកពាក់ព័ន្ធ ការបន្តជួយផ្សព្វផ្សាយ និងអប់រំប្រជាជនឲ្យខ្ចីប្រាក់តែពីគ្រឹះស្ថានស្របច្បាប់ព្រមទាំង ប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។

លោកបានបន្ថែមថា ជាក់ស្ដែងតាមរយៈសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» រៀបចំឡើងដើម្បីកុំឲ្យប្រជាជនរងគ្រោះ និងជាប់បំណុលវ័ណ្ឌកពីការកេងប្រវ័ញ្ចនានា ពីក្រុមឈ្មួញក្រៅប្រពន្ធ័។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងថា ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងធនាគារជាតិ នៃកម្ពុជា សមាជិករបស់សមាគមទាំង១២១គ្រឹះស្ថាន បានបង្ហាញនូវការប្តេជ្ញាចិត្ត ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះ ជាពិសេសក្នុងអំឡុងពេលដ៏លំបាក ដោយសារផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ១៩។

លោកបានបន្ដថា គ្រឹះស្ថានហិរញ្ញវត្ថុទាំងនេះ បានដាក់ទិសដៅរួមមួយ ស្រាប់អតិថិជនរបស់ឲ្យខ្លួនទទួលបានយោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដោយប្រកាន់យកនូវគោលការណ៍មួយគឺ ភាពជោគជ័យរបស់អតិថិជន ទើបជាភាពជោគជ័យពិតប្រាកដរបស់គ្រឹះស្ថាន៕