(ភ្នំពេញ)៖ ស្ថានីយលក់រាយប្រេងឥន្ធនៈណា ដែលមិនដាក់លក់សាំងធម្មតា និងប្រេងម៉ាស៊ូត សម្រាប់លក់ជាប្រចាំ ហើយលក់តែប្រេងសាំងស៊ុបពែរតែមួយមុខ និងលក់លើសពីតម្លៃកំណត់ នឹងត្រូវរងការពិន័យដល់៤លានរៀល ហើយប្រសិនបើមិនរៀលចាល នឹងត្រូវបិទអាជីវកម្ម។ នេះបើយោងតាមប្រកាសរបស់អន្តរក្រសួង គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ប្រកាសរួមរបស់ក្រសួងទាំងបីបានបញ្ជាក់ថា «ត្រូវពិន័យជាប្រាក់មិនលើសពីបួនលានរៀល ចំពោះស្ថានីយលក់រាយប្រេងឥន្ធនៈទាំងឡាយណា ដែលល្មើសនឹងល្មើសនឹងប្រការ៥ នៃអន្តរក្រសួងនេះ។ ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តិបទល្មើសដដែល ស្ថានីយលក់រាយនោះ នឹងអាចរងនូវការឱ្យបិទផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន»

ក្នុងប្រការ ៥នៃប្រកាសនេះបានបញ្ជាក់ថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវមានប្រភេទផលិតផលប្រេងសាំងធម្មតា និងប្រភេទផលិតផលប្រេងម៉ាស៊ូតលក់ ក្នុងតម្លៃមិនលើសពីថ្លៃដែលបានកំណត់។ គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវមានយ៉ាងតិចនូវប្រភេទផលិតផលប្រេងសាំងធម្មតា (EA92) និងប្រភេទផលិតផលប្រេងម៉ាស៊ូត សម្រាប់លក់ជាប្រចាំ ហើយមិនអនុញ្ញាតឱ្យលក់តែប្រេងសាំងស៊ុបពែរតែមួយមុខ ដោយមិនមានលក់ប្រេងម៉ាស៊ូត និងប្រេងសាំងធម្មតា។

មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំរបស់ក្រសួងពាណិជ្ជ នឹងធ្វើការត្រួតពិនិត្យ និងការផាកពិន័យ ដោយសហការជាមួយមន្រ្តីជំនាញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជ ធ្លាប់បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំរាជធានី-ខេត្ត នឹងបន្តឃ្លាំមើលសកម្មភាពនេះ ដើម្បីចាត់វិធានការទៅលើស្ថានីយដែលប្រពឹត្ត ផ្ទុយនឹងការកំណត់របស់ក្រសួង។

លោកបានគូសបញ្ជាក់ថា ស្ថានីយប្រេងឥន្ធនៈទាំងអស់ ចាំបាច់ត្រូវតែមានស្តុកប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត លក់សម្រាប់សាធារណជន ហើយមិនអាចលក់ប្រេងស៊ុបពែរតែមួយមុខបានទេ ហើយការលក់ត្រូវលក់ទៅតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានកំណត់ឱ្យក្រុមហ៊ុននាំចូល ត្រូវមានសន្និធិប្រេងសម្រាប់ការប្រើប្រាស់ យ៉ាងតិចរយៈពេលមួយខែ៕