(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាលើកចុងក្រោយរវាងកម្ពុជា និងភាគីចិន កាលពីចុងខែមករា ឆ្នាំ២០២២នេះ កម្ពុជាកំពុងតែទន្ទឹងរង់ចាំលទ្ធផលពីភាគីចិន លើការសម្រេចក្នុងការនាំចេញត្រីប្រារបស់កម្ពុជាទៅកាន់ប្រទេសចិន បន្ទាប់ពីកម្ពុជាបានបំពេញឯកសារ និងចំណុចខ្វះខាតនានា ដែលភាគីចិនបានតម្រូវរួចរាល់។ នេះបើតាមការឲ្យដឹងពីលោក ហាវ វិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផល ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមីនានេះ។

លោក ហាវ វិសិដ្ឋ បានថ្លែងថា «ចំពោះលទ្ធផលផ្លូវការលើការនាំចេញត្រីប្រារបស់កម្ពុជា ទៅកាន់ប្រទេសចិន ខ្ញុំនិងក្រុមការងារបាន និងកំពុងរង់ចាំ ចម្លើយពីភាគីចិនដូចគ្នា។ ក្នុងនោះអ្វីៗដែលជាឯកសារតម្រូវដោយភាគីចិន ចំពោះការកែលម្អចំណុចខ្វះខាត ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី ព្រមទាំងសហគ្រាសកែច្នៃត្រី គឺបានបំពេញរួចរាល់ និងបានផ្ញើទៅកាន់ខាងអគ្គរដ្ឋបាលគយចិន តាំងពីសប្ដាហ៍ទី៣ ខែកុម្ភៈមកម្ល៉េះ ប៉ុន្ដែលទ្ធផលយ៉ាងណានោះ គឺកំពុងស្ថិតក្នុងការរង់ចាំដូចគ្នា»

សូមជម្រាបថា ភាគីចិនបានសម្រេចឯកភាព ជាបណ្តោះអាសន្នឱ្យកសិដ្ឋានចិញ្ចឹមត្រីចំនួន៣ និងកន្លែងកែច្នៃត្រី១ ទីតាំងអាចនាំចេញបាន ប៉ុន្តែត្រូវកែចំណុចខ្វះខាតដែលភាគីចិន បានតម្រូវជាមុនសិន មុននឹងភាគទាំងពីរចុះពិធីសាររួមគ្នា ដើម្បីអនុញ្ញាតឱ្យត្រីប្រាកម្ពុជាទៅប្រទេសចិន។ តែពេលនេះចំណុចខ្វះខាតទាំងនោះត្រូវបានកែតម្រូវ និងដាក់ជូនភាគីចិនរួចរាល់ហើយដែរ រង់តែការសម្រេចចុងក្រោយប៉ុណ្ណោះ។

បើតាមរដ្ឋបាលជលផល ឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មរបស់កម្ពុជាសរុបជាង៤០ម៉ឺនតោន ក្នុងនោះទិន្នផលត្រីប្រា ទទួលបានប្រមាណ៣០% ទៅ៤០% នៃទិន្នផលវារីវប្បកម្មសរុបរបស់កម្ពុជា។

លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគវារីវប្បករកម្ពុជា បានជំរុញឲ្យអ្នកចិញ្ចឹមត្រីប្រា ត្រូវធ្វើយ៉ាងណា ចិញ្ចឹមឲ្យមានលក្ខណៈស្ដង់ដារល្អ ដើម្បីត្រូវនឹងទីផ្សារប្រទេសចិន ដែលគេចង់បាន ដោយទឹកត្រូវតែល្អ, សាច់ត្រីប្រា ត្រូវមានសាច់ល្អ និងត្រូវស្ដង់ដារ។

ក្រៅពីត្រីប្រា លោក សុខ រ៉ាដែន រំពឹងថា ត្រីទីឡាប់យ៉ា ក៏អាចជាគោលដៅ នៃទីផ្សារប្រទេសចិន ដោយសារត្រីទីឡាប់យ៉ា កម្ពុជាមានសមត្ថភាពផលិត ព្រោះត្រីប្រភេទនេះ មានការរីកលូតលាស់លឿន និងមានសាច់ល្អ ដែលជាគោលដៅទីផ្សារអន្ដរជាតិ៕