(ឧត្តរមានជ័យ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី ដែលរៀបចំឡើងនៅមន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ។

ចំពោះដំណាំស្វាយចន្ទី លោកបណ្ឌិត កៅ ថាច ចង់ឃើញបងប្អូនប្រជាកសិករប្រែក្លាយខ្លួន មិនត្រឹមតែពីការដាំដុះសម្រាប់លក់ ប៉ុន្តែអាចមានសមត្ថភាពធ្វើការកែច្នៃ និងមានលទ្ធភាពស្តុកទុក ក្នុងករណីផលិតផលធ្លាក់ថ្លៃ។ លោកគាំទ្រអោយបងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី គួរមានឃ្លាំងស្តុករួមសម្រាប់សហគម ដើម្បីធានាការលក់ថេរ ចូលក្នុងទីផ្សារ និងជៀសវាងការលក់ជាគំហុក ដែលអាចបង្ករអោយធ្លាក់ថ្លៃ។

លោកអគ្គនាយកបានពន្យល់ពីគោលការណ៍ឥណទាន និងគោលដៅនៃគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ដែលមានទឹកប្រាក់៥០លានដុល្លារ ដោយក្នុងនោះធ្វើការគាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។

លោកបានស្នើអោយបងប្អូនប្រជាកសិករ គួរតែស្វែងរកព័ត៌មានកសិកម្ម តាមរយៈមន្ទីជុំវិញខេត្តអោយបានច្បាស់លាស់ មុនសម្រេចចិត្តធ្វើការដាំដុះ និងមុនធ្វើការសម្រេចចិត្តលក់។

លោកអគ្គនាយក ស្នើសុំអោយបងប្អូន ចេះធ្វើការគ្រប់គ្រងអាជីវកម្ម ដោយធ្វើការកត់ត្រាចំណូល ចំណាយ ជាប្រចាំអោយបានច្បាស់លាស់ ព្រោះការណ៍នេះ វាជួយអោយអាជីវកម្ម របស់បងប្អូន មានភាពរីកចំរើន និងដឹងអំពីការចំណេញខាត។ ក្នុងករណីបងប្អូនមានតម្រូវការឥណទាន អាចធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីទទួលបានអត្រាការប្រាក់ទាប។

ជាការកត់សម្គាល់អំពីវិស័យកសិកម្ម គឺជាវិស័យអទិភាព ក្នុងបរិបទនៃកូវីដ១៩ នេះ, ដូចនេះលោកបណ្ឌិត លើកទឹកចិត្ត អោយបងប្អូនកសិករ ចងក្រងជាសហគម និងធ្វើការផលិតតាមកិច្ចសន្យាកសិកម្ម ដើម្បីធានាចេរភាពនៃការផ្គត់ផ្គង់ចូលទីផ្សារ និងចំណេញថវិកា។

លោកបណ្ឌិត កៅ ថាច ក៏បានប្រគល់ជូនរង្វាន់ជាវត្ថុអនុស្សាវរីយ៍ជូនដល់កសិករគំរូ ដែលទទួលបានឥណទាន ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលចំនួន៤រូប ដោយក្នុងនោះ ក្នុងម្នាក់ទទួលបានទូរស័ព្ទចំនួន១គ្រឿង និងជូនថវិកាអ្នកចូលរួមក្នុងម្នាក់ចំនួន ២ម៉ឺនរៀលផងដែរ៕