(កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានចាប់ផ្តើមចុះផ្សព្វផ្សាយពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល៥០លានដុល្លារ សម្រាប់គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។

កម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២នេះ ត្រូវធ្វើឡើងតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ហើយខេត្តកំពង់ធំ ជាខេត្តដែលចាប់ផ្តើមដំណើរផ្សព្វផ្សាយដំបូងគេ។

ក្នុងពិធីសំណេះសំណាលដែលរៀបចំឡើងនៅមន្ទីរកសិកម្មខេត្តកំពង់ធំ លោកបណ្ឌិត កៅ ថាច បានពន្យល់ជូនបងប្អូនប្រជាកសិករអំពីគោលបំណង និងកម្មវត្ថុ នៃគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានលើកយកផងដែរ នូវគោលការណ៍ឥណទាន ក្នុងគម្រោងហិរញ្ញប្បទានពិសេសនេះ ដោយក្នុងនោះអត្រាការប្រាក់ គឺត្រឹមតែ ៥.៥% ក្នុងមួយឆ្នាំសម្រាប់ទុនវិនិយោគ និង ៥% ក្នុងមួយឆ្នាំម្រាប់ទុនបង្វិល។ ដោយឡែកចំពោះទ្រព្យធានា គឺមានភាពបត់បែនខ្ពស់ និងអាចផ្តល់ឥណទានជូនរហូតដល់ ៨០% នៃទ្រព្យធានាបំណុលផងដែរ។

លោកបណ្ឌិតបានលើកទឹកចិត្ត ឲ្យបងប្អូនប្រជាកសិករ ចេះធ្វើការគ្រប់គ្រងអាជីវកម្ម ដោយធ្វើការកត់ត្រាចំណូល ចំណាយ ជាប្រចាំអោយបានច្បាស់លាស់ ព្រោះការណ៍នេះ វាជួយឲ្យអាជីវកម្មរបស់ប្អូន មានភាពរីកចំរើន និងដឹងអំពីការចំណេញ-ខាត។

លោកបណ្ឌិតស្នើសុំឲ្យបងប្អូនប្រជាកសិករ ប្រើប្រាស់ទុន ដែលទទួលបាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មឲ្យចំគោលដៅ និងចេះរកព័ត៌មានអំពីទីផ្សារ និងផលិតអោយចំគោលដៅ និងមានតម្រូវការទីផ្សារផងដែរ។

រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្លាំងលើជីវភាពរបស់បងប្អូនប្រជាកសិករ។ ជាមួយគ្នានេះ វិស័យកសិកម្ម គឺជាវិស័យអទិភាព ក្នុងបរិបទនៃកូវីដ១៩ នេះ, ដូចនេះលោកបណ្ឌិតលើកទឹកចិត្តឲ្យបងប្អូនកសិករ ចងក្រងជាសហគម និងធ្វើការផលិតតាមកិច្ចសន្យាកសិកម្ម ដើម្បីធានាចេរភាពនៃការផ្គត់ផ្គង់ចូលទីផ្សារ និងចំនេញថវិកា។

បណ្ឌិត បានធ្វើការផ្តាំផ្ញើដល់បងប្អូនកសិករ សូមធ្វើការដាំដុះតាមគោលការណ៍ សុវត្ថិភាពចំនីអាហារ (GAP) និងចងក្រងបណ្តុំផលិតបន្លែសុវត្ថិភាព ដោយធ្វើការដាំដុះក្នុងផ្ទះសំណាញ់ ក្នុងករណីបើអាច ព្រោះវាបានផលច្រើន។

ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានធ្វើការប្រគល់ជូនរង្វាន់ជាវត្ថុអនុស្សាវរីយ៍ ជូនដល់កសិករគំរូ ដែលទទួលបានឥណទានក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥រូប ដោយក្នុងនោះក្នុងម្នាក់ទទួលបានទូរស័ព្ទចំនួន ១ គ្រឿង និងជូនថវិកាសម្រាប់អ្នកចូលរួមក្នុងម្នាក់ចំនួន ២ ម៉ឺនរៀលផងដែរ៕