(បាងកក)៖ ការនាំចេញអង្កររបស់ប្រទេសថៃត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់ជាង ៨លានតោននៅឆ្នាំនេះ ដែលជំរុញដោយការធ្លាក់ថ្លៃប្រាក់បាត និងការកើនឡើងតម្រូវការនៅក្នុងទីផ្សារពិភពលោក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Chookiat Ophaswongse ដែលជាពាណិជ្ជករជើងចាស់ និងជាប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃថា ការនាំចេញអង្កររបស់ថៃបានកើនឡើងដល់ ១,៥លានតោនក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ធៀបនឹង ៩សែនតោនក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

លោក Chookiat មានប្រសាសន៍ថា៖ «ប្រសិនបើប្រទេសថៃអាចនាំចេញជាមធ្យម ៧សែនតោនក្នុង មួយខែ នោះទំហំនាំចេញសរុបទំនងជាមានយ៉ាងហោចណាស់ ៨លានតោននៅឆ្នាំនេះ ដែលខ្ពស់ជាង ៧លានតោនដែលសមាគមបានព្យាករ»។ លោកបន្ថែមថា៖ «តម្លៃនៃការនាំចេញត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៣០ប៊ីលានបាត កើនឡើងពី ១១០ប៊ីលានលានកាលពីឆ្នាំមុន»

លោក Chookiat បានថ្លែងថា តម្លៃនាំចេញអង្កររបស់ថៃឥឡូវមានការប្រកួតប្រជែងដោយសារប្រាក់បាតធ្លាក់ថ្លៃ ដែលមួយផ្នែកដោយសារសង្គ្រាមដែលកំពុងបន្ត។ លោកបានបន្តថា តម្លៃអង្ករថៃឥឡូវជិតស្មើនឹងអង្ករវៀតណាម។

យោងតាមកាសែតបាងកកប៉ុស្តិ៍ តម្លៃអង្ករសថៃប្រភេទ ៥% ដឹកដល់កំពង់ផែ ឥឡូវត្រូវបានស្រង់តម្លៃ ៤២០ដុល្លារអាមេរិកដែលជាតម្លៃដូចអង្ករវៀតណាមដែរ។ តម្លៃនេះខ្ពស់ជាង ២០ដុល្លារ បើធៀបនឹងតម្លៃ ៤០០ ដុល្លារក្នុងមួយតោនដែលបានកត់ត្រានៅដើមខែនេះ។

លោក Chookiat បន្ថែមថា៖ «នៅពេលណាដែលអង្ករថៃមានតម្លៃស្មើនឹងអង្គរពីប្រទេសវៀតណាម អ្នកនាំចូលនានាក្នុងទ្វីបអាស៊ីដូចជាហ្វីលីពីន ម៉ាឡេស៊ី និងចិនទិញអង្ករថៃ។ សំខាន់ជាងនេះ ទីផ្សារនាំចេញនៅមជ្ឈិមបូព៌ា ដូចជាអ៊ីរ៉ាក់ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានត្រលប់មកវិញនៅឆ្នាំនេះ»