(បាងកក)៖ ការសិក្សាថ្មីមួយដោយអង្គភាពផែនការរបស់រដ្ឋាភិបាលថៃបង្ហាញថា ការកើនឡើងចំនួនមនុស្សចាស់ក្នុងចំណោមប្រជាជនថៃ និងការថយចុះអត្រាកំណើត ត្រូវបានគេរំពឹងថានឹងរារាំងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងពេលអនាគត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Jinanggoon Rojananan អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) របស់ប្រទេសថៃខណៈថ្លែងថា ការសិក្សារបស់ NESDC បានរកឃើញថា ប្រជាសាស្រ្តមនុស្សវ៏យចំណាស់ដែលមានកាន់តែខ្ពស់ ត្រូវបានរំពឹងថានឹងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះជាមធ្យម ០,៥ពិន្ទុភាគរយក្នុងមួយឆ្នាំចន្លោះឆ្នាំ២០២៣ ដល់២០៣៣។

ប្រទេសថៃត្រូវបានចាត់ថ្នាក់ជាសង្គម «ឆ្ពោះទៅរកប្រជាជនកាន់តែមានវ័យចំណាស់» ចាប់តាំងពីឆ្នាំ២០០៥មកម៉្លេះ ដែលមានន័យថា ១០% នៃប្រជាជនសរុបមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ NESDC រំពឹងថា ប្រទេសថៃនឹងក្លាយទៅជាសង្គម «ដែលមានប្រជានជនមានវ័យចំណាស់» នៅឆ្នាំក្រោយ ពោលគឺមនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅនឹងមានចំនួន ២០% នៃចំនួនប្រជាជនសរុប។

គន្លងនេះធ្វើឱ្យប្រទេសថៃក្លាយជាសង្គម «ដែលមានប្រជាជនមានវ័យចំណាស់ខ្លាំង» នៅឆ្នាំ២០៣១ ឬ ២០៣២ ដោយប្រជាជនអាយុ ៦០ឆ្នាំឡើងទៅមានចំនួន ២៨% នៃចំនួនប្រជាជនសរុប។

ការិយាល័យស្ថិតិជាតិ (NSO) របស់ថៃក៏បានរាយការណ៍ផងដែរថា អត្រាកំណើតរបស់ប្រទេសថៃបានឈានដល់កម្រិតទាបបំផុតមួយក្នុងឆ្នាំ២០២០ ដែលមានទារកទើបនឹងកើតត្រឹមតែ ៥៤០.០០០នាក់ប៉ុណ្ណោះធៀបនឹងចំនួន ៩សែនទៅ ១លាននាក់ក្នុងឆ្នាំ១៩៩៣-១៩៩៦។ នេះជាលើកដំបូងផងដែរដែលទារកទើបនឹងកើតមានចំនួនទាប់ជាងចំនួនមនុស្សដែលមានចំនួន ៥៦៣.៦៥០នាក់។

អត្រាបង្កកំណើតបានឈានដល់កម្រិតទាបបំផុតដោយមានអត្រា ១,៥នាក់ក្នុងស្ត្រីក្នុងឆ្នាំ២០២១ ដែលធ្លាក់ចុះពីចំនួន ២នាក់ក្នុងឆ្នាំ១៩៩៥ និងទាបជាងអត្រា ២,១នាក់ដែលកំណត់ដោយអង្គការសុខភាពពិភពលោក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕