(ហាណូយ)៖ ភ្នាក់ងារទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាមសម្រាប់ភ្ញៀវទេសចររុស្ស៊ីបានផ្អាកសេវាកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដោយសារលទ្ធផលនៃការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចលើប្រទេសរុស្ស៊ី។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា ក្រុមហ៊ុនទេសចរណ៍ Anex Vietnam Travel and Trading បានប្រកាសផ្អាកសេវានេះ បន្ទាប់ពីបានយកអ្នកទេសចររុស្ស៊ីជាង ៣០០នាក់វិលត្រលប់ទៅផ្ទះរបស់ពួកគេវិញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

លោក Bui Quoc Dai នាយករងក្រុមហ៊ុន Anex Vietnam បានឱ្យដឹងថា ក្រុមហ៊ុនបានធ្វើការសម្រេចចិត្តបែបនេះ បន្ទាប់ពីអាជ្ញាធររុស្ស៊ីបានណែនាំក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះឱ្យបញ្ឈប់ជើងហោះហើរអន្តរជាតិទាំងអស់ លើកលែងតែជើងហោះហើរពី និងទៅកាន់ប្រទេសបេឡារុស បន្ទាប់ពីរងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។

លោក Dai បានមានប្រសាសន៍ថា៖ «យើងនឹងឈប់សេវាធ្វើដំណើរទេសចរណ៍សម្រាប់អតិថិជនពីប្រទេសរុស្ស៊ីយ៉ាងហោចណាស់រហូតដល់ថ្ងៃទី២៨ ខែមីនា នៅពេលដែលអាជ្ញាធររុស្ស៊ីគ្រោងនឹងប្រកាសការផ្លាស់ប្តូរណាមួយ»

កាសែត VN Express បានរាយការណ៍ថា កាលពីដើមខែនេះ ទីភ្នាក់ងារសហព័ន្ធរុស្ស៊ីសម្រាប់ការដឹកជញ្ជូនអាកាសចរណ៍ (FAVT) បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី «ដែលមានយន្តហោះចុះបញ្ជីនៅបរទេសក្រោមកិច្ចសន្យាជួលជាមួយដៃគូបរទេស» ត្រូវបញ្ឈប់ជើងហោះហើរអន្តរជាតិភាគច្រើននៅចន្លោះថ្ងៃទី៦ ដល៉ទី៨ ខែមីនា។ ទីភ្នាក់ងារនេះបានលើកឡើងពី «កម្រិតហានិភ័យខ្ពស់នៃការចាប់ឃាត់យន្តហោះទុកនៅបរទេស» សម្រាប់ធ្វើជាហេតុផលនៃការផ្តល់អនុសាសន៍នេះ។

លោក Dai បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចររុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីចុងខែកុម្ភៈមក បន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើម «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ លោកថ្លែងថា ក្រុមហ៊ុនរបស់លោកបានទទួលរងការខាតបង់បើទោះបីជាទទួលបានភ្ញៀវរុស្ស៊ីជិត ៦.០០០នាក់ចាប់តាំងពីខែធ្នូឆ្នាំមុនក៏ដោយ ដោយសារចំនួននេះមិនអាចបំពេញជើងហោះហើរជួលបានទេ។

ប្រតិបត្តិករទេសចរណ៍វៀតណាមដែលបម្រើសេវាសម្រាប់ទីផ្សាររុស្ស៊ី និងអឺរ៉ុបខាងកើតក៏បានព្រមានផងដែរថា ការទម្លាក់តម្លៃប្រាក់រូបរបស់រុស្ស៊ីបានប៉ះពាល់ដល់ទីផ្សារទេសចរណ៍មកកាន់វៀតណាម។

ក្នុងឆ្នាំ២០១៩ វៀតណាមទទួលបានភ្ញៀវទេសចរចំនួន ៦៤៦.០០០នាក់ពីប្រទេសរុស្ស៊ី ដែលធ្វើឱ្យរុស្ស៊ីក្លាយជាទីផ្សារទេសចរណ៍ធំជាងគេទី៦ បន្ទាប់ពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ និងសហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែត VN Express៕