(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការផ្លាស់ប្ដូរការបិទស្លាកតម្លៃទំនិញ តាមបណ្ដាម៉ាត ក្រុមហ៊ុន និងផ្សារទំនើបនានា ពីប្រាក់ដុល្លារមកប្រាក់រៀល នឹងធ្វើឲ្យយុវជនជំនាន់ក្រោយចាប់អារម្មណ៍កាន់តែខ្លាំង លើការប្រើប្រាស់ប្រាក់រៀល។

ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីអបអរសារទរទិវាប្រាក់រៀលខួបលើកទី៤២ឆ្នាំ ដែលរៀបចំឡើយនៅផ្សារទំនើបជីប ម៉ុង សែនសុខ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

លោកស្រី ជា សិរី បានថ្លែងថា កន្លងមកក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបិទស្លាកតម្លៃទំនិញជាប្រាក់រៀល ប៉ុន្ដែការអនុវត្តហាក់យឺតបន្ដិច ទោះជាការអនុវត្តមានភាពយឺតបន្ដិចក្ដី ប៉ុន្ដែនៅមានហាងទំនិញ និងក្រុមហ៊ុនជាច្រើនបានយល់ពីតម្លៃប្រាក់រៀល និងបានអនុវត្តន៍រួចរាល់ ចំពោះការបិទស្លាកតម្លៃទំនិញជាប្រាក់រៀលនេះ។

លោកស្រីបញ្ជាក់ថា «ជាក់ស្ដែងដូចផ្សារទំនើបឡាក់គី បានបិទតម្លៃទំនិញជាប្រាក់រៀល ហើយអតិថិជនអាចទូទាត់ជាប្រាក់រៀលបានផងដែរ។ ថ្មីនេះៗ ខ្ញុំក៏បានឃើញហាងលក់សម្លៀកបំពាក់ម៉ាក់ល្បីមួយ ដែលទើបបើកដំណើរនៅកម្ពុជាយើង ក៏បានបិទតម្លៃទំនិញរបស់ខ្លួនជាប្រាក់រៀល នេះជាចំណុចវិជ្ជមានមួយ ហើយខ្ញុំគិតថានឹងធ្វើឲ្យក្មេងៗ និងយុវជនជំនាន់ក្រោយកត់សំម្គាល់ និងចាប់អារម្មណ៍លើប្រាក់រៀល»

លោកស្រីបន្ដថា ចំពោះការប្រើប្រាស់ប្រាក់រៀល មិនទាន់មានការចូលរួមយ៉ាងខ្លាំងក្លាយ ពីសំណាក់យុវជននៅឡើយទេ ទោះជាយ៉ាងនេះក្ដីនៅតែសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនានារបស់ធនាគារជាតិ ពីសំណាក់ដៃគូពាក់ព័ន្ធ បូករួមជាមួយឧបករណ៍ទូទាត់ទំនើបៗដូចជា ប្រព័ន្ធបាគងជាដើម នឹងធ្វើឲ្យសកម្មភាពប្រើប្រាស់ប្រាក់រៀលផុសផុល។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា បច្ចុប្បន្ននេះមានផ្សារទំនើប មានក្រុមហ៊ុន រួមទាំងម៉ាតតូចធំមួយចំនួន បានអនុវត្តការបិទតម្លៃទំនិញជាប្រាក់រៀល។ ជាការពិតស្លាកតម្លៃ ត្រូវបានបិទអមជាមួយតម្លៃជាប្រាក់ដុល្លារក៏ពិតមែន ប៉ុន្ដែបានបញ្ជាក់យ៉ាងច្បាស់លាស់ អំពីចំនួនប្រាក់រៀល ជាក់ស្ដែងដូចផ្សារលក់ទំនិញម៉ាក្រូ បានបិទបង្ហាញស្លាកតម្លៃទាំងប្រាក់រៀល និងប្រាក់ដុល្លារ។

លោកបានបន្ថែមថា ការជំរុញលើកកម្ពស់ក្នុងការប្រើប្រាស់ស្លាកតម្លៃទំនិញជាប្រាក់រៀល របស់ក្រសួងពាណិជ្ជកម្ម និងដៃគូរពាក់ព័ន្ធ បានឈានរកសញ្ញាជោគជ័យមួយ ក្នុងនោះមិនត្រឹមតែមានហាងទំនិញ, ក្រុមហ៊ុន ឬម៉ាតប៉ុណ្ណោះទេ កន្លែងលក់ប្រេងឥន្ទនៈ ក៏បានបិទតម្លៃជាប្រាក់រៀល និងមានការចូលរួមពីបណ្ដាធនាគារ តាមរយៈការទូទាត់ជាប្រាក់រៀលផងដែរ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្មនឹងបន្ដសកម្មភាពនេះទៀត ទាំងលើការលក់អនឡាញក្ដី ទាំងរូបវន្ដក្ដី ក្នុងគោលដៅជំរុញឲ្យមានការប្រើប្រាស់ប្រាក់រៀលមានលក្ខណៈទូទៅ។ ដរាបណាការប្រើប្រាស់កាន់តែច្រើន នឹងធ្វើឲ្យយុវជនជំនាន់ក្រោយ ទទួលយកការទូទាត់ប្រាក់រៀល ជាមធ្យោបាយទូទាត់របស់ខ្លួនទាំងបច្ចុប្បន្ន និងថ្ងៃអនាគត»

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ប្រាក់រៀលត្រូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ក្នុងនោះសមាគមបានលើកស្ទួយការប្រើប្រាស់ប្រាក់រៀលតាមរយៈ ការតម្រូវឲ្យសមាជិករបស់សមាគម ផ្ដល់ប្រាក់កម្ចីជាប្រាក់រៀលឲ្យបានកាន់តែច្រើន។

លោកបានបន្ដថា ក្រោមការអនុវត្ត និងរួមចំណែកពីបងប្អូនប្រជាពលរដ្ឋឃើញថា សមាគមមីក្រូហិរញ្ញវត្ថុ បានផ្ដល់ប្រាក់កម្ចីជាប្រាក់រៀល ប្រមាណ២០ភាគរយ លើសការតម្រូវដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជាថា ផ្ដល់កម្ចីជាប្រាក់រៀលយ៉ាងតិចណាស់១០ភាគរយ។
ការកើនឡើងនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង ទាំងសមាគមទាំង ទាំងសមាជិក និងពីសំណាក់បងប្អូនប្រជាពលរដ្ឋ លើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៕