(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសដាក់ឱ្យអនុវត្តផ្លូវការនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» ដើម្បីជំរុញការអភិវឌ្ឍវិស័យកាត់ដេរនៅកម្ពុជា ស្របពេលដែលវិស័យបានឈរនៅលំដាប់ទី១ និងរួមចំណែកប្រមាណ៧០% នៃការនាំចេញរបស់កម្ពុជា។

នៅក្នុង «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា ២០២២-២០២៧» រាជរដ្ឋាភិបាលបានដាក់ចេ ញនូវវិធានការជាយុទ្ធសាស្រ្តចំនួន៥ចំណុច ដើម្បីគាំទ្រដល់ការសម្រេចបាននូវគោលបំណង និងចក្ខុវិស័យដែលបានកំណត់ដោយរាជរដ្ឋាភិបាល និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់កម្ពុជា។

វិធានការទាំង៥រួមមាន៖

១៖ បន្តពង្រឹងធនធានមនុស្ស ដើម្បីបង្កើនផលិតភាព និងបង្កើនគន្លងអាជីពសម្រាប់កម្មករ និយោជិត
២៖ បន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករ និងយោជិត
៣៖ លើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេស ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងផ្តោតលើផលិតផល ថ្លៃខ្ពស់ និងមានលក្ខណៈពិសេ
៤៖ ទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មតភ្ជាប់ និង
៥៖ ជំរុញការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង។

ក្នុងពិធីដាក់ឱ្យអនុវត្តផ្លូវការ នូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្រ្តសម្រាប់ វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា ឬហៅកាត់ខ្លីថា «វិស័យកាត់ដេរ» ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ជាផែនទីបង្ហាញផ្លូវ សម្រាប់ភាគីពាក់ព័ន្ធរួមគ្នា ជំរុញការអភិវឌ្ឍវិស័យកាត់ដេរ, ដែលស្របតាមការចង្អុលបង្ហាញនៃ «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ ក្នុងចតុកោណទី ២ ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច» និង «ក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣» ផងដែរ។

លោកបន្តថា «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» មានចក្ខុវិស័យអភិវឌ្ឍវិស័យកាត់ដេរ, ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន, មានភាពធន់, មានតម្លៃបន្ថែមខ្ពស់, ផ្តោតលើផលិតផលដែលលក់បានថ្លៃ, មានភាពប្រកួតប្រជែងខ្ពស់ និង ជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋ-កិច្ចនៅឆ្នាំ ២០២៧។ យុទ្ធសាស្រ្តនេះក៏មានគោលបំណងកំណត់ទិសដៅអភិវឌ្ឍន៍រួម, បង្កើនភាពឯករាជ្យ, ពង្រឹងភាពប៉ាន់ប្រមាណបាន និងស្ថិរភាព ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍ វិស័យនេះប្រកបដោយចីរភាព និងបរិយាប័ន្ន។

អគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា «ក្នុងរយៈពេលមធ្យម និងវែង, វិស័យកាត់ដេរនឹងនៅតែបន្តជាចន្ទល់កំណើនសេដ្ឋកិច្ចមួយ ប្រកបដោយសក្ដានុពល តាមរយៈការពង្រីក និងពង្រឹងមូលដ្ឋានឧស្សាហកម្មក្នុងស្រុកសម្រាប់ការនាំចេញ និងការចូលរួមតភ្ជាប់សេដ្ឋកិច្ចជាតិ ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល, ដោយឈរលើកត្តាឧត្តមភាពប្រកួតប្រជែងមួយចំនួន ជាពិសេស (១).ប្រាក់ឈ្នួល និង ថ្លៃផលិតកម្មប្រកួតប្រជែង, (២).ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និង (៣).បរិយាកាស វិនិយោគអំណោយផលជាដើម ជាក់ស្តែង,ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ, តម្លៃបន្ថែមរបស់វិស័យកាត់ដេរ មានចំណែកប្រមាណ ១១ % នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ហើយគិតត្រឹម ឆ្នាំ២០២១ ជាទិន្នន័យស្តុកវិស័យនេះបានស្រូបយកទុនវិនិយោគប្រមាណជាង ៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ១៧% នៃការវិនិយោគផ្ទាល់ពីបរទេសសរុបនៅកម្ពុជា និង បានចូលរួមទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា យ៉ាងហោចណាស់ពី ២.៥ ទៅ ៣លាននាក់ ដែលកំពុងអាស្រ័យផល, ទាំងដោយផ្ទាល់ និង ដោយប្រយោល»

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា យុទ្ធសាស្ត្រនេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ហើយជាយុទ្ធសាស្ត្រគួបផ្សំ និងបំពេញឱ្យគ្នាយ៉ាងល្អបំផុតជាមួយនឹងក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០១៩-២០២៣ ដែលរាជរដ្ឋាភិបាល បានដាក់ចេញកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ សំដៅជួយដល់ការអភិវឌ្ឍវិស័យនេះ ឱ្យក្លាយទៅជាឧស្សាហកម្ម ដែលមានចីរភាពផ្នែកបរិស្ថាន មានភាពធន់ និងតម្លៃបន្ថែមច្រើន និងមានភាពប្រកួតប្រជែងខ្ពស់ ហើយដែលវិស័យនេះ នឹងដើរតួនាទីជាមូលដ្ឋាន ក្នុងការគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងលើកកម្ពស់អត្រាវិនិយោគក្នុងស្រុក បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ-១៩។

លោកបន្តថា ក្រសួងពាណិជ្ជកម្មបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមសហការអនុវត្តយុទ្ធសាស្រ្តនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅជំរុញការវិនិយោគក្នុងស្រុក និងលើកកម្ពស់វិស័យកាត់ដេរ ស្បែកជើង និងផលិតកម្មកាបូបកម្ពុជា ដោយធ្វើយ៉ាងណាឱ្យវិស័យនេះ អាចបូកបន្ថែមនូវតម្លៃបន្ថែម ទៅក្នុងខ្សែច្រវ៉ាក់តម្លៃក្នុងតំបន់ឱ្យបានកាន់តែច្រើន និងជាពិសេសដើម្បីអភិវឌ្ឍន៍ជំនាញកម្មករ-កម្មការីរបស់យើង ឱ្យកាន់តែប្រសើរឡើង។

ក្រសួងពាណិជ្ជកម្ម នឹងចូលរួមសហការផងដែរ ជាមួយបណ្តាក្រសួងនិងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយនានា ដែលឆ្លើយតបទៅនឹងបញ្ហាថ្មីៗ និងដោះស្រាយបាននូវលក្ខខណ្ឌ តម្រូវនានារបស់អ្នកបញ្ជាទិញ ឬពីប្រទេសនាំចូល ទាក់ទងនឹងស្តង់ដារការងារ បញ្ហាបរិស្ថាន ការប្រើប្រាស់ថាមពលកកើតឡើងវិញ ជាដើម សំដៅរក្សាទីផ្សារ និងជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។

គួរជម្រាបថា សេចក្តីព្រាងយុទ្ធសាស្រ្តនេះ បានរៀបចំរួចរាល់ តាំងពីចុងឆ្នាំ ២០១៩ និងគ្រោងដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២០មកម៉្លេះ ប៉ុន្តែជាអកុសល ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បានបន្ទច់បង្អាក់ដល់ដំណើរការដាក់ឱ្យអនុវត្ត ដោយសារមានភាពចាំបាច់ ក្នុងការធ្វើបច្ចុប្បន្នភាពឯកសារនេះ ជាបន្តបន្ទាប់ ដើម្បីធានាសង្គតិភាព និងឆ្លើយតបនឹងបរិបទ និងការវិវត្តយ៉ាងលឿនលើសពីការរំពឹងក្នុងវិស័យនេះ ៕