(ភ្នំពេញ)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានអំពាវនាវឲ្យអ្នករកស៊ីងាកមកចាប់អារម្មណ៍ បង្កើនរោងចក្រផលិតទឹកស៉ីរ៉ូស្វាយ និងដំណាប់ស្វាយឲ្យបានច្រើន ដើម្បីនាំចេញ ព្រោះផលិតផលនេះ មិនទាន់មានអ្នកផលិតច្រើននោះទេ។

បន្ថែមពីនោះទៀត អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា ការធ្វើទឹកស៊ីរ៉ូស្វាយ និងដំណាប់ស្វាយនេះ មិនចាំបាច់យកស្វាយ ដែលស្ដង់ដារលេខមួយនោះទេ គឺស្វាយធម្មតា ក៏អាចធ្វើបានដែរ។

លោក ងិន ឆាយ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវ ទៅដល់វិស័យឯកជន គឺបង្កើនរោងចក្រ ធ្វើដំណាប់ស្វាយឲ្យបានច្រើន និងទឹកស៊ីរ៉ូស្វាយ ដែលនេះជាតម្រូវការខ្ពស់ ហើយទីផ្សារមិនទាន់មានប្រទេសណា ដែលផ្គត់ផ្គង់ច្រើន ដែលធ្វើឲ្យមានបញ្ហាទីផ្សារទេ»

ទន្ទឹមគ្នានេះ លោក ងិន ឆាយ ក៏បានអំពាវនាវទៅដល់ក្រុមហ៊ុនឯកជន ដែលមានបំណងចង់នាំស្វាយចេញ គឺសុំជួយសាងសង់បន្ថែម នូវកន្លែងវេបខ្ចប់ និងសម្លាប់មេរោគឲ្យបានច្រើន និងអំពាវនាវទៅដល់ វិស័យឯកជនផ្សេងៗទៀត ឲ្យមានការវិនិយោគ ទៅលើការសាងសង់។

ជាមួយគ្នានេះ ដើម្បីធ្វើការប្រកួតប្រជែងស្វាយបាន លោកបានប្រាប់ថា យើងគួរតែមានប្រតិទិនដាំដុះស្វាយ នៅប្រទេសកម្ពុជា ដែលសំដៅធ្វើយ៉ាងណា ការប្រមូលផលស្វាយរបស់យើង កុំឲ្យរៀបចំនៅពេលដែលទីផ្សារនៅប្រទេសចិន វាមានស្វាយច្រើន មកពីប្រទេសដទៃ។

លោក ងិន ឆាយ បានបន្ដថា នេះជាទិដ្ឋភាពបច្ចេកទេសដែលកម្ពុជាអាចធ្វើបាន ដោយសារស្វាយកែវរមៀតយើងនេះ បើនិយាយពីគុណភាព តាមភាគីចិន និងភាគីកូរ៉េ និងជប៉ុន បានប្រាប់យើងថា គុណភាពស្វាយកែវរមៀតយើង គឺឆ្ងាញ់ល្អ ដោយគេឲ្យពិន្ទុនៅលើគេ នៅក្នុងអាស៊ីនេះ។

លោក ងិន ឆាយ បានឲ្យដឹងទៀតថា យើងត្រូវធ្វើផែនការផលិត ជាមួយអ្នកដាំដុះស្វាយទាំងអស់ ដោយផ្សារភ្ជាប់ ជាមួយកិច្ចសន្យា ជាមួយនឹងអ្នកនាំចេញ ក៏ដូចជាអ្នកដែលមានការ សាងសង់កន្លែងសម្លាប់មេរោគ ឲ្យបានច្បាស់លាស់ សំដៅឲ្យមានការប្រមូលផលស្វាយ ជារៀងរាល់ខែ។

លោកថ្លែងថា «គំនិតរបស់ខ្ញុំជាអ្នកបច្ចេកទេស ចង់ឲ្យមានការប្រមូលផលស្វាយរៀងរាល់ខែ ធ្វើយ៉ាងណាសំដៅ ឲ្យមានការប្រមូលផលស្វាយ ជារៀងរាល់ខែ បើសិនជាយើងចាំតែដល់ពេលរដូវ ប្រមូលផលមួយឆ្នាំតែម្ដង នៅពេលនោះ តម្រូវការ និងការផ្គត់ផ្គង់ នៅពេលដែលការផ្គត់ផ្គង់ច្រើន នឹងមានការថយចុះ»

បន្ថែមពីនោះទៀត លោកបានឲ្យដឹងថា យើងត្រូវបញ្ចៀសកន្លែង ដែលមានការផ្គត់ផ្គង់ច្រើន ហើយនេះគឺជាយុទ្ធសាស្ត្រ មួយល្អ ក៏ប៉ុន្តែមិនមែនជាការងាយទេ ការធ្វើស្វាយខុសរដូវនេះ គឺទាមទារឲ្យមានបច្ចេកទេសផលិតកម្មត្រឹមត្រូវ ហើយការចំណាយក៏វាខ្ពស់ជាងស្វាយតាមរដូវ ហើយវាទាមទារសំខាន់នោះ ត្រូវតែមានប្រព័ន្ធស្រោចស្រព្វបំពេញបន្ថែម។

លោកបានលើក ជាឧទាហរណ៍ថា យើងចង់ឲ្យស្វាយយើង ប្រមូលផលនៅខែ១០ និងខែ១១។ តាមធម្មតានៅក្នុង ប្រទេសចិនខែនេះ គឺស្វាយអត់សូវមានទេ ហើយតម្លៃថ្លៃណាស់ អីចឹងដើម្បីបញ្ចេញស្វាយយើងឲ្យផ្លែ នៅក្នុងខែ១១នេះ យើងត្រូវចាប់ផ្តើមតាំងពីខែ៤ ឬមួយក៏ខែ៥៕