(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នលំហូរនៃការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក បានកំពុងកើនឡើងគួរឲ្យកត់សំគាល់។ ជាក់ស្ដែងតាមរយៈប្រព័ន្ធបាគងឃើញថា ការទូទាត់ជាប្រាក់រៀល មានកាន់តែច្រើន។

ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីអបអរសារទរទិវាប្រាក់រៀលខួបលើកទី៤២ឆ្នាំ ក្រោមការចូលរួមពីលោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

លោកស្រី ជា សិរី បានថ្លែងថា «ការប្រើប្រាស់ប្រាក់រៀល ក្នុងប្រព័ន្ធអេឡិចត្រូនិក ពិសេសក្នុងប្រព័ន្ធបាគងដែលធនាគារជាតិនៃកម្ពុជា ដាក់ឲ្យប្រើប្រាស់នេះឃើញថា មានការទូទាត់ជាប្រាក់រៀលកាន់តែច្រើនឡើង ប៉ុន្ដែបើនិយាយពីភាគរយនៅតិចជាប្រាក់ដុល្លារ ប៉ុន្ដែកំណើនកើនឡើងខ្ពស់ ហើយខ្ញុំសង្ឃឹមថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបាគង និងប្រព័ន្ធទូទាតអេឡិចត្រូនិកដទៃទៀត នឹងធ្វើឲ្យការទូទាត់ប្រាក់រៀលកាន់តែងាយស្រួល និងមានកំណើនច្រើន»

លោកស្រីបានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន បានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ មោទនភាពជាតិ ហើយកាលណាប្រាក់រៀល ត្រូវបានប្រើប្រាស់ច្រើន នឹងធ្វើឲ្យធនាគារជាតិនៃកម្ពុជា មានលទ្ធភាពធ្វើគោលនយោបាយកាន់តែច្រើន។

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ប្រាក់រៀលត្រូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ ដើម្បីគាំទ្រលើការប្រើប្រាស់ប្រាក់រៀល សមាគមមីក្រូហិរញ្ញវត្ថុបានតម្រូវឲ្យ សមាជិកផ្ដល់ប្រាក់កម្ចីជាប្រាក់រៀលឲ្យបានច្រើន និងបានយ៉ាងតិចលើស១០ភាគរយ។

លោកបានបន្ដថា «សមាគមមីក្រូហិរញ្ញវត្ថុបានសម្រេចផ្ដល់អត្រាជាប្រាក់កម្ចី ក្នុងទំហំប្រមាណ២០ភាគរយ ដោយបានលើសកម្រិតដោយតម្រូវដោយធនាគារជាតិនៃកម្ពុជាទៀតផង។ ទាំងនេះឆ្លុះបញ្ចាំងថា ទាំងសមាគមទាំងសមាជិករបស់សមាគម ពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ប្រាក់រៀល ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា»

លោក ផល វ៉ាន់ឌី បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្ដីសមាគមមីក្រូហិរញ្ញវត្ថុបាននិងកំពុងព្យាយាមធ្វើយ៉ាងណា លើកកម្ពស់ការកម្ចីជាប្រាក់រៀលឲ្យបានកាន់តែច្រើន ក្នុងចន្លោះ៣០-៥០ភាគរយ ប៉ុន្ដែក្នុងនោះត្រូវការមានការរួមចំណែកពី សំណាក់ប្រជាពលរដ្ឋផងដែរ៕