(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Ho Duc Phoc បានថ្លែងទៅកាន់សភាថា ប្រទេសវៀតណាមបានដកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាដូចជាក្រុមហ៊ុន Google និង Facebook ចំនួន ៥ទ្រីលានដុង (២១៨,៥៣លានដុល្លារ) ក្នុងចន្លោះឆ្នាំ២០១៨ដល់ឆ្នាំ២០២១។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម

កាសែត VN Express បានរាយការណ៍ដកស្រង់សំដីលោក Phoc ថា ក្នុងអំឡុងពេល ៤ឆ្នាំនេះ ក្រុមហ៊ុន Facebook ត្រូវបានបង់ពន្ធចំនួន ១,៦៩ទ្រីលានដុង (ប្រហែល ៧៤លានដុលារ) ក្រុមហ៊ុន Google បានបង់ពន្ធ ១,៦២ទ្រីលានដុង (ប្រហែល៧១លានដុលារ) និងក្រុមហ៊ុន Microsoft បង់ពន្ធ ៥៧៧ប៊ីលានដុង (ប្រហែល ២៥លានដុលារ) ។

លោកបានបន្ថែមថា កាលពីឆ្នាំមុន វៀតណាមរកចំណូលបាន ១,៣២ទ្រីលានដុង (ប្រហែល ៥៨លានដុលារ) ពីការយកពន្ធលើក្រុមហ៊ុនប្រតិបត្តិការភ្លែតហ្វមនានា ដែលកើនឡើង ១៥ភាគរយធៀបនឹងឆ្នាំ២០២០។

អាជ្ញាធរវៀតណាមបាននិងកំពុងអំពាវនាវឱ្យមានការប្រមូលពន្ធឱ្យបានត្រឹមត្រូវពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗនានាដូចជា ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google ជាដើម ដោយនិយាយថា ក្រុមហ៊ុនទាំងនេះមានចំណែកប្រហែល ៧០ ភាគរយនៃទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញ ប៉ុន្តែប្រើមធ្យោបាយផ្សេងគ្នាដើម្បីគេចវេសពីការបង់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារវៀតណាមបានឱ្យដឹងកាលពីឆ្នាំមុនថា ភ្លែតហ្វម Facebook, Google, Netflix, YouTube និងភ្លែតហ្វមឆ្លងព្រំដែនផ្សេងទៀតមិនបានបំពេញកាតព្វកិច្ចពន្ធរបស់ពួកគេនៅក្នុងប្រទេសវៀតណាមនោះទេ។

ប្រទេសវៀតណាមក៏កំពុងស្វែងរកការដកហូតពន្ធលើអ្នកលក់អនឡាញ ទាំងនៅលើភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្តាញទំនាក់ទំនងសង្គមផងដែរ ខណៈដែលការលក់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងពីរខ្ទង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមកាសែត VN Express៕