(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការឡើងថ្លៃនៃប្រេងឥន្ធនៈ បាននិងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរ ដោយអាស្រ័យជាចាំបាច់ ទៅលើការប្រើប្រាស់ប្រេងឥន្ធនៈ ស្របពេលវិស័យដឹកជញ្ជូន កំពុងរងផលប៉ះពាល់ជាបណ្តើរៗ។

ក្នុងសប្តាហ៍នេះ តម្លៃប្រេងឥន្ធនៈបានឡើងថ្លៃយ៉ាងខ្លាំង ដែលថ្លៃលក់រាយ នៅតាមស្ថានីយ សាំងធម្មតា និងម៉ាស៊ូត ត្រូវលក់ក្នុងតម្លៃ៥៣០០រៀល ខណៈសាំងស៊ុបពែរ តម្លៃជិត៦០០០រៀលក្នុង១លីត្រ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការឡើងថ្លៃយ៉ាងគំហុក នៃប្រេងឥន្ធនៈ បានបង្កផលប៉ះពាល់ដោយផ្ទាល់ ទៅលើការរស់នៅរបស់ជាប្រជាពលរដ្ឋ ដែលអាស្រ័យផលការប្រើប្រាស់ប្រេងសាំង ដូចជាក្រុមអ្នកដឹកជញ្ជូន និងអ្នកលក់ដូរទំនិញ ឬអាហារ ធ្វើឱ្យមានការកើនឡើងនូវថ្លៃដើម ដែលបណ្តាលឱ្យប្រាក់ចំណេញរបស់ពួកគាត់មានការថមថយ។ ជាមួយគ្នានេះ ការលក់ប្រេងសាំងមួយចំនួននឹងត្រូវថមថយ បណ្តាលឱ្យស្ថានីយប្រេងមួយចំនួន អាចប្រឈមនឹងការបិទទ្វារ។ ក្នុងពេលជាមួយគ្នានេះដែរ សង្គម និងសេដ្ឋកិច្ច កម្ពុជា នឹងរងផលប៉ះពាល់ដោយប្រយោល ដោយសារតែការឡើងថ្លៃគ្រប់មុខទំនិញទាំងអស់ ដែលនាំឱ្យកើនឡើងនូវអតិផរណា។

តែយ៉ាងក៏ណា លោកមើលឃើញថា ក៏អាចជាឱកាសមួយសម្រាប់ក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីដែរ នៅពេលដែលអ្នកមានរថយន្តផ្ទាល់ខ្លួន ប្តូរមកជិះរថយន្តក្រុង ឬម៉ូតូកង់បីជំនួសឱ្យការជិះរថយន្តរបស់ខ្លួនវិញ។

តាមការប៉ាន់ប្រមាណរបស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន អាចនឹងមិនអូសបន្លាយរហូតដល់មួយឆ្នាំនោះទេ ដោយសារតែសង្រ្គាមនេះបង្កផលប៉ះពាល់ជាសកល ជាពិសេសសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចធំ ដែលតម្រូវឱ្យពួកគេ រកដំណោះស្រាយ ក្នុងការបញ្ចប់សង្រ្គាម។

តែយ៉ាងនេះក្តីលោកលើកឡើងថា ទោះបីជាសង្រ្គាមនេះបន្ត ឬមិនបន្ត ក៏ប៉ុន្តែថ្លៃប្រេងសាំងមិនអាចឡើងលើសពីមួយឆ្នាំបាននោះទេ ដោយគេនឹងរកទំនិញអ្វីមកជំនួសវិញ។ ខណៈពេលដែលបច្ចុប្បន្ននេះ អាមេរិកកំពុងតែចរចាទិញប្រេងពីវេណេហ្ស៊ុលអេឡា ផងដែរ។

លោកបានពន្យល់ថា «ប្រសិនបើសង្រ្គាមអ៊ុយក្រែននៅតែបន្ត គឺអាចបញ្ជាក់ថា ថ្លៃសាំងនៅតែបន្តទ្រឹង ប៉ុន្តែបើតាមការប៉ាន់ស្មានមិនលើសពីមួយឆ្នាំនោះទេ។ ទី១.ដោយសារតែសង្រ្គាមនេះមិនអាចអូសបន្លាយបានយូរ ដោយសារតែវាធ្វើឱ្យមានវិបត្តិដល់ពិភពលោក ប្រទេសធំៗមានផលប៉ះពាល់ច្រើនជាងប្រទេសកម្ពុជាទៅទៀត ដូចជានៅសហរដ្ឋអាមេរិក ថ្លៃប្រេងខ្ពស់ជាងនៅកម្ពុជាទៀត។ ហេតុនេះវាជាវិបត្តិសាកល ដូច្នេះ អាមេរិក អឺរ៉ុប និងរុស្ស៊ីនឹងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្រ្គាមនេះ។ កត្តាទី២. ការឡើងថ្លៃប្រេង នឹងត្រូបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ ដោយសារគេអាចនឹងរកទំនិញជំនួសវិញ។ ធ្លាប់ចាំបានថា កាលពីឆ្នាំ២០០៨ ប្រេងបានឡើងថ្លៃដល់៦៨០០ក្នុងមួយលីត្រ ហើយពេលនោះនៅអឺរ៉ុប បានធ្វើការផ្លាស់ប្តូរប្រព័ន្ធអេកូប្រើប្រាស់រថយន្ត ដោយអេតាណុលជំនួសវិញ។ ហើយកម្ពុជានាពេលនោះ ជាប្រទេសមានដំឡូងមី ហើយចម្រាញ់អេតាណុលលក់ទៅអឺរ៉ុប»

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា មានប្រសាសន៍ថា ការឡើងថ្លៃប្រេងពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យ ប៉ះពាល់ដល់សកម្មភាពនៃការដឹកជញ្ជូន និងថ្លៃដើមនៃការចំណាយ ដោយសារតែវិស័យនេះ ត្រូវប្រើជាសំខាន់នូវថាមពល ជាពិសេសប្រេងសាំង និងប្រេងម៉ាស៊ូត ខណៈដែលកន្លងមកវិស័យបានរងផលប៉ះពាល់ដោយសាររាតត្បាតជំងឺកូវីដ១៩ និងការឡើងថ្លៃយ៉ាងគំហុកនៃតម្លៃកប៉ាល់។

តែបែបនេះក៏ដោយលោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនធំ មិនទាន់ដំឡើងថ្លៃដឹកជញ្ជូនទំនិញនោះទេ ដើម្បីឱ្យ ការដឹកជញ្ជូននៅដំណើរការធម្មតា ដែលជាការជួយដល់ដៃគូពាណិជ្ជកម្ម។

លោកបានលើកឡើងយ៉ាងដូច្នេះថា «ផលប៉ះពាល់វាប៉ះពាល់រួចទៅហើយ ប៉ុន្តែការដឹកជញ្ជូននេះ យើងនៅពិចារណារហូតយើងមិនកំណត់ថា យើងឡើងថ្លៃប៉ុណ្ណាទេ។ ក្នុងការដឹកជញ្ជូន ឡូជីស្ទីកនេះ ក្រុមហ៊ុនមួយចំនួនមិនទាន់ដំឡើងថ្លៃទេ ដោយសារ យើងមានការជួយទៅដល់ អ្នកប្រើប្រាស់ ក៏ដូចជាដៃគូរបស់ខ្លួន នៅពេលដែលក្រុមហ៊ុនមានលទ្ធភាពអាចជួយបានក៏យើងជួយ ដោយយើងចង់ជំរុញឱ្យមានការនាំចេញនាំចូលទំនិញ ឱ្យមានស្ថេរភាព យើងខំប្រឹងបើទោះបីជាមានការខាតបង់ថ្លៃដើមខ្លះក៏ដោយ ប៉ុន្តែក្រុមហ៊ុនខ្លះដែលមិនអាចជួយបាន ក៏សុំដំឡើងថ្លៃខ្លះពីដៃគូពាណិជ្ជកម្ម តាមការចរចាគ្នាឯកភាព តាមដែលអាចធ្វើទៅបាន គឺមានការដំឡើងថ្លៃខ្លះ»

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សម្រាប់តម្លៃប្រេង គឺជារឿងមួយ ដែលរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ ហើយសង្ឃឹមថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ឆាប់ៗ ដើម្បីឱ្យអ្វីៗត្រឡប់មករកប្រក្រតីភាពវិញ។

ជុំវិញតម្លៃប្រេងនេះដែរ ក្រសួងនឹងរៀបចំធ្វើការផ្លាស់ប្តូរការជូនដំណឹងពីពេលវេលា កំណត់តម្លៃប្រេងឥន្ធនៈ ពី១៥ថ្ងៃម្តង មកត្រឹម១០ថ្ងៃម្តងវិញ ដើម្បីឲ្យឆាប់មានការ ផ្លាស់ប្តូរប្រែប្រួលនូវតម្លៃប្រេង និងដើរឲ្យទាន់នៃការឡើងចុះ នៃតម្លៃប្រេងឥន្ធនៈ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ពលរដ្ឋ កុំរិះគន់ ឬជេរសម្តេច ដោយសារតែបញ្ហាសាំងឡើងថ្លៃនេះ គឺជារឿងសាកល ដែលកើតចេញពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយប្រេងក៏អាចនឹងថ្លៃបន្ថែមទៀតផងដែរ។ ជាមួយគ្នានេះ សម្តេចបានស្នើឱ្យពលរដ្ឋ កាត់បន្ថយការធ្វើដំណើរ និងមធ្យោបាយធ្វើដំណើរដែលមិនចាំបាច់ផងដែរ។

សម្តេចតេជោបានបង្ហាញការព្រួយបារម្ភ ប្រសិនបើជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី នៅតែបន្តអូសបន្លាយទៅមុខទៀត អាចនឹង ជះឥទ្ធិពលអវិជ្ជមានលើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាកំពុងតាមដាន ដើម្បីរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការ អន្តរាគមន៍ចាំបាច់ឱ្យបានទាន់ពេល៕