(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនអន្ដរជាតិធំៗចំនួន៥ បានមកចុះបញ្ជីនៅកម្ពុជា ដើម្បីអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

លោក គង់ វិបុល បានឲ្យដឹងទៀតថា រដ្ឋាភិបាលបានពន្យារការអនុវត្ដនៃការដាក់ឲ្យប្រើប្រាស់ពន្ធ E-commerce ដល់ខែមេសា ខណៈអគ្គនាយកដ្ឋានពន្ធដារក៏បានត្រៀម និងកំពុងតែរៀបចំនូវកម្មវិធី នៃផ្នែកប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទទួលនូវប្រតិបត្តិការទាំងនេះផងដែរ។ ការអនុវត្តន៍អាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មិនមានការពន្យារពេលទៀតទេ។

ការបញ្ជាក់ឲ្យដឹងបែបនេះធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញចូលរួមក្នុងកម្មវិធីពិសេស ស្តីពីពន្ធលើប្រាក់ចំណូល, ពន្ធលើចំណេញមូលធន, អ.ត.ប ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកផងដែរថា យើងបានពន្យារការអនុវត្ដ នៃការដាក់ឲ្យប្រើប្រាស់ពន្ធ E-commerce រហូតដល់ដើមខែមេសា ឆ្នាំ២០២២ ដើម្បីឲ្យខាងវិស័យឯកជនមកចុះបញ្ជី ក៏ដូចជាត្រៀមលក្ខណៈ ឲ្យបានរួចជាស្រេច មុននឹងចាប់ផ្ដើម ដើម្បីឲ្យមានភាពរលូន»

បន្ថែមពីនោះទៀត លោក គង់ វិបុល បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានក្រុមហ៊ុនបរទេស សហគ្រាសចំនួន៥ហើយ ដែលបានមកចុះបញ្ជី ដែលក្នុងនោះរួមមាន៖

១៖ MICROSOFT REGIONAL SALES PTE.LTD
២៖ ZOHO CORPORATION PTE.LTD
៣៖ TATA CONSULTANCY SERVICE LIMITED
៤៖ MASTERCARD ASIA/PACIFIC PTE.LTD
៥៖ TIKTOK PTE.LTD។

ជាមួយគ្នានេះ លោក គង់ វិបុល ក៏បានឲ្យដឹងផងដែរថា ចំពោះអ្នកជាប់ពន្ធនៅក្នុងស្រុក ដែលលក់តាមប្រព័ន្ធអនឡាញ សូមមេត្តាមកចុះបញ្ជី ហើយបង់ពន្ធជាធម្មតា។ ដោយឡែកចំពោះអ្នកវិនិយោគក្រៅស្រុក ត្រូវមកចុះបញ្ជីសាមញ្ញ តាមប្រព័ន្ធអេឡិចត្រូនិក ឬក៏ចុះបញ្ជីតាមភ្នាក់ងារពន្ធដារ។

សូមជម្រាបថា ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ តែងតែភ័ន្ដច្រឡំថា ជាការបង្កើតពន្ធថ្មី ហើយមន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ក៏ធ្លាប់បញ្ជាក់ចំពោះការយល់ច្រឡំនេះថា៖ ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ។

អាករលើតម្លៃបន្ថែម (VAT) គឺជាពន្ធត្រូវបានប្រមូលលើផលិតផល ឬសេវាគ្រប់ភេទរួចហើយ ក្នុងច្បាប់សារពើពន្ធ ប៉ុន្តែកន្លងទៅការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកអត់ទាន់មានច្បាប់ តែនៅឆ្នាំ២០១៩ ច្បាប់ ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកច ត្រូវបានអនុម័ត ដូច្នេះតាមរយៈច្បាប់នេះ មានការកំណត់និយមន័យ ពីសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ទើបធ្វើការសម្រួលពន្ធ VAT ដែលយើងបានអនុវត្តរួចនោះ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះដែរ ទើបមានការយល់ច្រឡំថា រាជរដ្ឋាភិបាលបង្កើតពន្ធថ្មី ប៉ុន្តែមិនមែនទេ គឺជាពន្ធដែលយើងមានស្រាប់។

អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវិសាលភាពគ្របដណ្តប់ ក្រុមហ៊ុនបរទេស ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ (ទីតាំងស្នាក់ការ) នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ដូចជាក្រុមហ៊ុនណាមួយ ដែលមិនមានទីតាំងក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ប៉ុន្តែក្រុមហ៊ុននោះមានអតិថិជនរបស់ខ្លួននៅកម្ពុជា ដូច្នេះអនុក្រឹត្យថ្មីនេះ មានវិសាលភាពគ្របដណ្តប់ ទៅលើយក្រុមហ៊ុនប្រភេទនេះ។ នៅពេលអតិថិជនក្នុងស្រុកទិញសេវា ឬផលិតឌីជីថលពីក្រុមហ៊ុនដែលមិនមានទីតាំងក្នុងស្រុកខ្មែរ ក្រុមហ៊ុននោះត្រូវកាត់ទុក VAT ចំនួន១០%៕