(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីកំណែចុងក្រោយ នៃផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងទៅអន្តរក្រសួងពាក់ព័ន្ធចំនួន១៥ ដើម្បីពិនិត្យ និងសម្រចជាលើកចុងក្រោយ។

លោករដ្ឋមន្រ្តី បានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អក្នុងការសិក្សា និងចងក្រងឯកសារដ៏មានសារសំខាន់នេះ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្រ្តីបន្តថា គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង គឺដើម្បីជ្រើសរើសទំនិញនាំចេញសក្ដានុពល ដោយប្រើប្រាស់ទីផ្សារ ដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។ ក្នុងន័យនេះ ការសិក្សានឹងបង្ហាញថា កម្ពុជាមានឧត្តមភាពប្រកួតប្រជែងខាងផលិតផលអ្វីសម្រាប់ធ្វើការនាំចេញ។ តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងការនាំចេញ និងត្រូវដោះស្រាយបែបណា? និងការទាក់ទាញអ្នកវិនិយោគ សម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រុមការងារបានផ្ដោតទៅលើការសិក្សាលើមុខទំនិញអាទិភាពចំនួន១០មុខមុនគេ រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច និងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋាន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត។

លោករដ្ឋមន្រ្តីរំលឹកថា ផែនការយុទ្ធសាស្ត្រនេះ បានបញ្ចប់សេចក្តីព្រាងតាំងពីឆ្នាំ២០២១ និងបានឆ្លងកាត់ការប្រជុំប្រមូលធាតុចូលពីវិស័យឯកជន កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានរាយការណ៍ជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Zoom ដើម្បីទទួលបានធាតុចូល និងអនុសាសន៍បន្ថែម ហើយក្រុមការងារក្រសួងពាណិជ្ជកម្ម បានធ្វើការកែសម្រួលកិច្ចការងារនេះ ឱ្យស្របតាមអនុសាសន៍របស់អគ្គបណ្ឌិតសភាចារ្យ រួចរាល់ហើយកាលពីខែធ្នូ ឆ្នាំ២០២១។

ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញពីលោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អំពីវឌ្ឍនភាពការងារជូនដល់សមាជិកសមាជិកានៃអង្គប្រជុំ ដើម្បីផ្តល់ជាយោបល់ និងធាតុចូលសំខាន់ៗ ក្នុងការកែសម្រួលផែនការយុទ្ធសាស្ត្រនេះឱ្យកាន់តែល្អប្រសើ និងឈានដល់ការបញ្ចប់ផែនការយុទ្ធសាស្ត្រនេះឱ្យកាន់តែឆាប់។

លោករដ្ឋមន្រ្តីបានជំរុញឱ្យក្រុមការងារខិតខំបញ្ចប់ ការងាររៀបចំផែនការយុទ្ធសាស្ត្រទាញ យកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ឱ្យបានឆាប់ជាមួយអន្តរក្រសួង ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ បានចូលជាធរមានក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ក៏ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ហើយនឹងត្រូវចូលជាធរមានក្នុងពេលឆាប់ខាងមុខនេះផងដែរ៕