(ហូជីមិញ)៖ តម្លៃទំនិញប្រើប្រាស់ជាច្រើន ជាពិសេសអាហារ និងគ្រឿងឧបភោគបរិភោគ បានហក់ឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះក្នុងប្រទេសវៀតណាម ដែលជំរុញដោយថ្លៃដើមកាន់តែខ្ពស់ និងកំណើនតម្លៃប្រេងសាំងខ្ពស់មិនធ្លាប់មាន។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។

នៅហាងលក់រាយមួយ អ្នកស្រី លាន់ (Loan) ដែលជាកម្មករនៅក្នុងរោងចក្រកាត់ដេរមួយកន្លែងក្នុងស្រុកលេខ១២ នៃទីក្រុងហូជីមិញ បានធ្វើដំណើរទៅទិញទំនិញនៅហាងនេះកាលពីចុងសប្តាហ៍មុន។ អ្នកស្រី មិនអាចលាក់បាំងការភ្ញាក់ផ្អើលរបស់ខ្លួនបានទេចំពោះការកើនឡើងតម្លៃទំនិញជាច្រើនភ្លាមៗនេះ។

អ្នកស្រីប្រាប់កាសែត VnExpress ថា៖ «ខ្ញុំបានប៉ាន់ស្មានថា តម្លៃទំនិញប្រើប្រាស់ជាច្រើនដូចជា ស្ករ ទឹកដោះគោ ប្រេងឆា មី ទឹកត្រី និងស្រាបៀរ បានកើនឡើងពី ១០ ទៅ ៣០ភាគរយចាប់តាំងពីដើមឆ្នាំនេះមក»

ពេលនេះអ្នកស្រីត្រូវចំណាយប្រាក់ ៥សែនដុង (២២ដុល្លារ) ដើម្បីទិញគ្រឿងទេសសម្រាប់រយៈពេលកន្លះខែធៀបនឹង ៤សែនដុងដែលបានទិញកាលពីមុន។ អ្នកស្រីបន្ថែមថា៖ «ការចំណាយលើការរស់នៅផ្សេងទៀតក៏កើនឡើងដែរ»។

អាជ្ញាធរពន្ធវៀតណាមបានកាត់បន្ថយពន្ធលើតម្លៃបន្ថែមមកត្រឹម ៨ភាគរយពី ១០ភាគរយនៅថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើនបាននិយាយថា ពួកគេមិនទាន់មានអារម្មណ៍ថាទទួលបានផលពីការកាត់បន្ថយពន្ធនេះទេ ដោយសារតម្លៃទំនិញជាច្រើនបានកើនឡើងយ៉ាងខ្លាំង។

អ្នកលក់រាយជាច្រើនក៏មានការភ្ញាក់ផ្អើលផងដែរចំពោះការកើនឡើងតម្លៃទាំងនេះ។

អ្នកស្រី ង៉ុក (Ngoc) ម្ចាស់តូបលក់រាយនៅស្រុកហ្គោវ៉ាប ទីក្រុងហូជីមិញបានថ្លែងប្រាប់កាសែត VnExpress ថា តម្លៃស្រាបៀរ ស្ករ មី ទឹកត្រី និងប្រេងឆា បានកើនឡើង ១០ភាគរយនៅឆ្នាំនេះ។

អ្នកស្រីថ្លែងថា៖ «តម្លៃទំនិញប្រើប្រាស់កម្រនឹងកើនឡើងណាស់ក្នុងត្រីមាសទីមួយ។ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីវៀតណាមនៅដើមខែកុម្ភៈ អាជីវកម្មតែងតែកាត់បន្ថយតម្លៃ ដើម្បីជំរុញតម្រូវការ ដោយសារតម្រូវការធ្លាក់ចុះ»។

អ្នកស្រី ង៉ុក មិនទាន់ទិញទំនិញបំពេញស្តុករបស់អ្នកស្រីឡើងវិញនៅឡើយទេ ប៉ុន្តែអ្នកលក់ដុំ ដែលផ្គត់ផ្គង់ទំនិញឱ្យអ្នកស្រី បានប្រកាសដំឡើងតម្លៃសម្រាប់ការផ្គត់ផ្គង់ទំនិញលើកក្រោយ ដោយសារតែក្រុមហ៊ុនផលិតជាច្រើនបានបង្កើនតម្លៃរួចហើយ។

ការស្ទង់មតិរបស់កាសែត VnExpress បានរកឃើញថា តម្លៃផលិតផលប្រើប្រាស់សំខាន់ៗចំនួនប្រាំបីមុខក្នុងចំណោមផលិតផលប្រើប្រាស់សំខាន់ៗចំនួនប្រាំបួនបានឡើងថ្លៃ ដោយផលិតផលប្រាំពីរមុខក្នុងចំណោមនោះបានឡើងថ្លៃពីរខ្ទង់។

ដោយនិយាយថា ការថ្លៃដើមលើវត្ថុធាតុដើមបានកើនឡើង ១២០ភាគរយក្នុងរយៈពេល ១២ ខែចុងក្រោយនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនប្រេងឆាមួយថ្លែងថា ក្រុមហ៊ុនត្រូវដំឡើងតម្លៃពី ១ ទៅ ២ពាន់ដុង។

ក្រុមហ៊ុនផលិតស្រាបៀរក៏បានលើកឡើងថា ថ្លៃដើមគឺជាហេតុផលក្នុងការដំឡើងថ្លៃផលិតផលផងដែរ។ តម្លៃស្រូវសាលីបានកើនឡើងពី ១០ទៅ ២០ភាគរយចាប់តាំងពីមានវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាប្រទេសនាំចេញស្រូវសាលីធំបំផុតក្នុងពិភពលោក។

ប្រធានក្រុមហ៊ុនផលិតទំនិញប្រើប្រាស់មួយដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញបាននិយាយថា តម្លៃពលកម្ម និងវត្ថុធាតុដើមបានកើនឡើង ៤០ភាគរយចាប់តាំងពីឆ្នាំមុន ហើយពួកគេត្រូវបានបង្ខំឱ្យដំឡើងថ្លៃដែរ។

ក្រុមហ៊ុន Acecook ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ឈានមុខគេរបស់ប្រទេសនេះបានបង្ខំចិត្តដំឡើងថ្លៃ ១០ភាគរយផងដែរចាប់តាំងពីការចំណាយលើវត្ថុធាតុដើម និងការដឹកញ្ជូនបានកើនឡើង។

អាជីវកម្មផ្សេងទៀតបាននិយាយថា ពួកគេមិនទាន់បានដំឡើងតម្លៃរបស់ពួកគេនៅឡើយទេ ប៉ុន្តែវា «ជៀសមិនរួចទេ» ។

លោក ជឿង ជីធៀន (Truong Chi Thien) ប្រធានក្រុមហ៊ុនផលិតស៊ុត Vfood បានប្រាប់កាសែត VnExpress ថា ក្រុមហ៊ុនរបស់លោកកំពុងខាតបង់ ពី ១០០ ទៅ ២០០ដុងក្នុងស៊ុតមួយគ្រាប់ដែលក្រុមហ៊ុនលក់ចេញ។

ក្រុហ៊ុនមិនទាន់ដំឡើងថ្លៃនៅឡើយទេ ដោយសារតែការប្តេជ្ញាចិត្តដែលក្រុមហ៊ុនបានធ្វើស្ថិតក្រោមកម្មវិធីស្ថិរភាពតម្លៃរបស់ទីក្រុងហូជីមិញ ដើម្បីរក្សាតម្លៃមិនឱ្យផ្លាស់ប្តូរសម្រាប់រយៈពេលមុននិងបន្ទាប់ពីបុណ្យចូលឆ្នាំវៀតណាមដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ។

លោក ធៀន បានថ្លែងថា ក្រុមហ៊ុនរបស់លោកនឹងត្រូវស្វែងរកការយល់ព្រមជាមុនពីនាយកដ្ឋានហិរញ្ញវត្ថុទីក្រុងហូជីមិញដើម្បីដំឡើងថ្លៃនៅក្នុងកម្មវិធីស្ថិរភាពលើកក្រោយ ដែលចាប់ផ្តើមនៅខែមេសា៕