(ប៉ារីស)៖ តម្លៃប្រេងបានកើនឡើងប្រហែល ៦ភាគរយនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ទីផ្សារអាចបាត់បង់ផលិតផលប្រេងឆៅនិងប្រេងចម្រាញ់របស់រុស្ស៊ីចំនួន ៣លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារ IEA បានឱ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ការបាត់បង់ការផ្គត់ផ្គង់ប្រេងនឹងមានច្រើនជាងការរំពឹងទុកដែលថានឹងមានការធ្លាក់ចុះតម្រូវការ ១លានបារ៉ែលក្នុងមួយថ្ងៃ ដែលបង្កឡើងដោយការឡើងថ្លៃប្រេងឥន្ធនៈ។

តម្លៃប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានកើនឡើង ៦,៤១ដុល្លារអាមេរិក ឬ ៦,៥ភាគរយដល់ ១០៤,៤៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង ៥,៩៥ដុល្លារ ឬ ៦,៣ភាគរយ ដល់ ១០០,៩៩ ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងទាំងពីរប្រភេទនេះបានធ្លាក់ចុះទាបកាលពីម្សិលមិញ បន្ទាប់ពីមានការកើនឡើងដែលមិននឹកស្មានដល់នូវស្តុកប្រេងឆៅរបស់អាមេរិក និងបន្ទាប់ពីមានសញ្ញាបង្ហាញពីការរីកចម្រើនក្នុងកិច្ច ចរចាសន្តិភាពរវារុស្ស៊ី-អ៊ុយក្រែន។

ក្រុមហ៊ុន Morgan Stanley បានដំឡើងការព្យាករពីតម្លៃប្រេងរបស់ខ្លួន ២០ដុល្លារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ ដល់ ១២០ដុល្លារក្នុងមួយបារ៉ែល ដោយទស្សទាយថា ការធ្លាក់ចុះផលិតកម្មប្រេងនៅរុស្ស៊ីនឹងមានប្រហែល ១លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែមេសាទៅ។

ធនាគារ SEB បានឱ្យដឹងថា៖ «ទាំងការផ្គត់ផ្គង់និងតម្រូវការកំពុងរងប៉ះពាល់ តែការផ្គត់ផ្គង់បច្ចុប្បន្នកំពុងរងប៉ះពាល់ខ្លាំងជាង ហើយទីផ្សារនឹងជួបប្រទះកង្វះការផ្គត់ផ្គង់ប្រេងនៅក្នុងរយៈពេល ២ត្រីមាសខាងមុខ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕