(បាងកក)៖ រដ្ឋាភិបាលថៃគ្រោងនឹងដាក់ចេញវិធានការនានា រួមទាំងការឧបត្ថម្ភធនបន្ថែមលើឧស្ម័ន LPG និងឧស្ម័ន NGV ដើម្បីជួយសម្រាលផលប៉ះពាល់នៃការកើនឡើងតម្លៃថាមពលលើអ្នកដែលមានចំណូលទាប។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានបញ្ជាទីភ្នាក់ងារដែលទទួលខុសត្រូវនានា រួមទាំងក្រសួងថាមពល និងក្រសួងហិរញ្ញវត្ថុ ឱ្យរៀបចំផែនការថ្មីៗដើម្បីបន្ធូរបន្ថយការលំបាកដែលបណ្តាលមកពីការឡើងថ្លៃប្រេង។

លោកមានប្រសាសន៍ថា៖ «ជម្លោះអ៊ុយក្រែននិងរុស្ស៊ីទំនងជាអូសបន្លាយយ៉ាងហោចណាស់បីខែ ទៀត។ រដ្ឋាភិបាលត្រូវរៀបចំវិធានការជាច្រើនដើម្បីដោះស្រាយផលប៉ះពាល់»។

យោងតាមលោកឧត្តមសេនីយ៍ Prayut ការឧបត្ថម្ភធនតម្លៃថាមពលប្រហែលជាមិនគ្រប់គ្រាន់ទេ ខណៈដែលរដ្ឋាភិបាលថៃចាំបាច់ត្រូវអនុវត្តវិធានការផ្សេងទៀត ដោយសារតែអត្រាអតិផរណាទំនងជានឹងកើនឡើងបន្ថែមទៀត ដែលជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពលពិភពលោក។

លោកបានបន្ថែថា៖ «រដ្ឋាភិបាលប្រហែលជាត្រូវផ្តល់ការឧបត្ថម្ភធនបន្ថែមទៀតដល់ក្រុមជាក់លាក់នៃអ្នកប្រើប្រាស់ឧស្ម័ន LPG និង NGV បន្ថែមពីលើសពីការឧបត្ថម្ភធនដែលមានស្រាប់ដែលផ្តល់ជូនដើម្បីរក្សាតម្លៃលក់រាយរបស់ប្រេងម៉ាស៊ូតនៅត្រឹម ៣០បាតក្នុងមួយលីត្រ»។

យោងតាមកាសែតបាងកកប៉ុស្តិ៍ មូលនិធិប្រេងរបស់រដ្ឋាភិបាលថៃបានចំណាយជាមធ្យមពី ៧,២៥ ទៅ ៧,៦ប៊ីលានបាតក្នុងមួយខែនៅក្នុងការឧបត្ថម្ភធនដើម្បីរក្សាតម្លៃលក់រាយរបស់ប្រេងម៉ាស៊ូតនៅត្រឹម ៣០បាតក្នុងមួយលីត្រចាប់ពីខែមករាដល់ខែកុម្ភៈ ដែលត្រូវបានចាត់ទុកថាមានកម្រិតខ្ពស់។

ប្រភពពីវិមានរដ្ឋាភិបាលដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រដ្ឋាភិបាលថៃអាចនឹងបង់ប្រាក់ប្រចាំខែបន្ថែមចំនួន ១០០បាតក្នុងមនុស្សម្នាក់សម្រាប់រយៈពេល ៣ខែដល់អ្នកដែលមានប័ណ្ណសុខុមាលភាព។

នៅពេលនេះ ឧស្ម័ន LPG មានតម្លៃ ៣១៨បាតក្នុងមួយធុងដែលមានចំណុះ ១៥គីឡូក្រាម ដែលជាផ្នែកមួយនៃកម្មវិធីឧបត្ថម្ភធនថាមពលរបស់រដ្ឋាភិបាល ដែលគ្រោងនឹងបញ្ចប់នៅចុងខែនេះ។

តម្លៃឧស្ម័ន LPG លក់រាយក្នុងស្រុកត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងដល់ ៣៣៣បាតក្នុងមួយធុងចំណុះ ១៥គីឡូក្រាម នៅពេលដែលគម្រោងឧបត្ថម្ភធននេះផុតកំណត់។

ប្រភពដដែលបានឱ្យដឹងទៀតថា រដ្ឋាភិបាលថៃក៏មានគម្រោងផ្តល់ការឧបត្ថម្ភធនលើថ្លៃឧស្ម័ន LPG ដល់ហាងអាហារនិងភេសជ្ជៈតូចៗដែលចូលរួមក្នុងគម្រោងឧបត្ថម្ភធន «ពាក់កណ្តាលម្នាក់» របស់រដ្ឋាភិបាលផងដែរ ហើយរដ្ឋាភិបាលក៏នឹងស្នើសុំកិច្ចសហប្រតិបត្តិការពីពាណិជ្ជករលក់ឧស្ម័ន NGV ផងដែរដើម្បីជួយរក្សាតម្លៃឧស្ម័ន NGV ក្នុងអំឡុងពេលមានវិបត្តិថាមពលនេះ៕ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕