(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានទម្លាយពីការចាប់ខ្លួន ជនខិលខូចដែលស៉ីឈ្មួលឈរឈ្មោះបើកក្រុមហ៊ុន បង្កើតវិក្កយបត្រខ្យល់ មានទឹកប្រាក់៨៩លានដុល្លារអាមេរិក ដើម្បីកាត់កង គេងបន្លំពន្ធរដ្ឋរាប់លានដុល្លារ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកបន្លំឈរឈ្មោះនេះ គឺជាបុគ្គលិករបស់ភោជនីយដ្ឋានមួយ ដែលបុគ្គលនោះមានឈ្មោះ ប៊ុន ឆ្លាត ដែលរូបគេ និងបក្ខពួកបានចេញវិក្កយបត្រចំនួន៩៩២ ដែលមានទឹកប្រាក់ពន្ធ៨៩លានដុល្លារ ហើយមានជាប់ពាក់ព័ន្ធជាមួយជនជាតិចិនផងដែរ។

លោករដ្ឋមន្ត្រីពន្យល់ថា ជនទាំងនោះបានបង្កើតនូវវិក្កយបត្រក្លែងក្លាយ ដើម្បីយកមកកាត់កងពន្ធលើតម្លៃបន្ថែម (VAT) ដែលជាប្រាក់ពន្ធរបស់រដ្ឋ និងប្រើប្រាស់វិក្កយបត្រនោះបន្លំពន្ធលើប្រាក់ចំណេញ ដែលត្រូវបង់ជូនរដ្ឋ។

ការទម្លាយរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសចូលរួមកម្មវិធីពិសេស ស្តីពីពន្ធលើប្រាក់ចំណូល, ពន្ធលើចំណេញមូលធន, អ.ត.ប ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់អគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

លោក គង់ វិបុល បញ្ជាក់ថា «ឥឡូវនេះគេ [ប៊ុន ឆ្លាត] ស្ថិតក្នុងការឃុំឃាំងហើយ តុលាការកំពុងដំណើរការកាត់ទោស។ ជាទោសឧក្រិដ្ឋ ដែលជាទោសកិបកេងពន្ធ ដែលអាចជាប់ពន្ធនាគារផង និងត្រូវពិន័យជាប្រាក់ផង ហើយក៏ជាការសម្អាតលាងប្រាក់ដែរ ព្រោះការគេចពន្ធវាអាចប្រព្រឹត្តនូវអំពើលាងប្រាក់»

បើតាមលោករដ្ឋមន្ត្រី, អគ្គនាយករដ្ឋានពន្ធដារ បានរកឃើញថា មានក្រុមហ៊ុនមិនតិចជាង២០០ក្រុមហ៊ុនទេ ដែលជាប់ពាក់ព័ន្ធជាមួយ ក្រុមហ៊ុនរបស់លោក ប៊ុន ឆ្លាត នេះ។

ដោយសារតែនៅខែមីនានេះ ជាឱសានវាទនៃការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ លោក គង់ វិបុល អំពាវនាវដល់ក្រុមហ៊ុន សហគ្រាសដែលត្រូវប្រកាសពន្ធ សូមកុំប្រើប្រាស់វិក្កយបត្រ ដូចករណីខាងលើនោះឲ្យសោះ ព្រោះមិនអាចគេវេះពីពន្ធដារបានទេ៕