(ភ្នំពេញ)៖ អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ បានសម្តែងការសាទរដែលរាជរដ្ឋាភិបាល បានកែសម្រួលលក្ខខណ្ឌ ចំពោះអ្នកដំណើរមកពីបរទេស ដោយលុបចោលការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៊ីន PCR មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង, លុបចោលការធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវការផ្តល់ការទិដ្ឋាការ ពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិ នឹងជួយជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ខណៈបច្ចុប្បន្នវិស័យនេះកំពុងជួបឧបសគ្គថ្មីមួយទៀត ដែលបណ្តាលមកពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការលុចចោលនូវឯកសាររឹតត្បិតទាំងឡាយ នឹងផ្តល់អំណោយផល ដល់វិស័យទេសចរណ៍នៅកម្ពុជា មានឱកាសងើបឡើងវិញលឿនជាងការរំពឹងទុក។

លោកស្រីបន្តថា កន្លងមកបើទោះបីជាកម្ពុជា បានបើកប្រទេសជាច្រើនខែមកហើយក៏ដោយ ប៉ុន្តែនៅតែមានលក្ខខណ្ឌតម្រូវឯកសាររឹតត្បិត និងការធ្វើតេស្តតាមតាមម៉ាស៊ីន PCR ដែលជារបាំងសម្រាប់ភ្ញៀវដែលចង់មកកម្សាន្តនៅកម្ពុជា។

លោកស្រីបានកត់សម្គាល់ថា ចាប់តាំងពីកម្ពុជាបើកប្រទេសឡើងវិញ និងការគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ បានល្អភ្ញៀវទេសចរអន្តរជាតិ ដែលភាគច្រើនជាភ្ញៀវអឺរ៉ុប ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងថៃ បានកើនឡើងម្តងបន្តិចៗជាបន្តបន្ទាប់ ប៉ុន្តែមិនហក់ខ្លាំងនោះទេ ដោយសារបញ្ហាដឹកជញ្ជូន និងរបាំងផ្សេងៗ។

លោកស្រីបន្តថា «យើងខ្ញុំជាប្រតិបត្តិករទេសចរណ៍ មើលឃើញថា នឹងធ្វើឱ្យមានការទាក់ទាញខ្លាំងពីភ្ញៀវទេសចរ ដែលមានបំណងចូលមកកម្ពុជា ជាយូរមកហើយ ហើយវិស័យដឹកជញ្ជូននឹងពិចារណាបើកហោះហើរឡើងវិញ ព្រោះថាវិស័យទេសចរណ៍យើងពឹងពាក់លើការដឹកជញ្ជូន។ អីចឹងបើគាត់មើលឃើញថា អ្វីៗលែងជារបាំងទៀតហើយ គាត់នឹងធ្វើការហោះហើរឡើងវិញ ដែលផ្តល់ជាជម្រើសសម្រាប់ភ្ញៀវធ្វើដំណើរ។ ខ្ញុំសង្ឃឹមថា បន្ទាប់ពីមានការផ្សព្វផ្សាយពីប្រតិបត្តិករទេសចរណ៍ ជាពិសេសភ្នាក់ងារទេសចរណ៍ ដែលបោះទៅឱ្យដៃគូនៅប្រទេស ពីការលែងមានឯកសាររឹតត្បិត នឹងទទួលបានការកត់សារជាថ្មី។ តែចង់ជម្រាបថា កន្លងមក យើងមានការកក់ជាហូហែរផងដែរគ្រាន់តែថាមិនច្រើន»

ទោះបីជាមានការលុបចោលលក្ខខណ្ឌនេះក៏ដោយ ក្រសួងសុខាភិបាលនៅតែលើកទឹកចិត្តឱ្យអ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តដោយខ្លួនឯង។ ជាមួយគ្នានេះ អ្នកដំណើរទាំងអស់ត្រូវបង្ហាញកាតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ១៩ ពេលមកដល់កម្ពុជា។ ចំពោះអ្នកដំណើរដែលមិនបានចាក់វ៉ាក់ការពារបានពេញលេញ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់បណ្តាញត៌មាន Fresh News ដែរថា ការកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដំណើរនាពេលនេះ គឺជាការផ្តល់សង្ឃឹមចំពោះវិស័យទេសចរណ៍នៅកម្ពុជា ដែលលោករំពឹងថា គោលនយោបាយថ្មីនេះនឹងជួយជំរុញកំណើនភ្ញៀវទេសចរបន្ថែមទៀត។

លោកបានគូសបញ្ជាក់ថា កន្លងមកភ្ញៀវដែលមកកម្ពុជា ជាពិសេសភ្ញៀវអឺរ៉ុប ភាគច្រើនបំផុតចេញពីតំបន់អាស៊ានមិនមែន មកប្រទេសដើមរបស់ពួកគេឡើយ។

លោកថា យល់ថាអ្វីដែលជួយជំរុញឱ្យវិស័យទេសចរណ៍ងើបឡើងវិញ គឺប្រទេសអាស៊ានទាំងអស់រួមគ្នា។ ប្រសិនបើអាស៊ានមិនមានគោលនយោបាយរួម មិនអាចជួយស្តារវិស័យទេសចរណ៍បានឡើយ ខណៈវិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន បានក្លាយជាឧបសគ្គថ្មីមួយទៀត សម្រាប់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅលើពិភពលោក ដែលជាកត្តារាំងស្ទះដល់ការងើបឡើងវិញ នៃវិស័យទេសចរណ៍ទាំងនៅកម្ពុជា និងនៅលើពិភពលោកទាំងមូល។

លោកលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលកម្ពុជាធ្វើនេះ គឺត្រឹមត្រូវបំផុតហើយ តែបើយើងមើលទៅលើការតភ្ជាប់ជើងហោះហើរវិញ កម្ពុជានៅមានកម្រិតមែនទែន យើងនៅតែមានការពឹងផ្អែកជាមួយប្រទេសអាស៊ាន។ អីចឹងទោះបីជាគោលនយោបាយយើងល្អប៉ុណ្ណាក៏ដោយ ក៏យើងមិនអាចសម្រេចបានដែរ ដរាបណាអាស៊ាននៅតែខ្វះសាមគ្គីភាព ខ្វះគោលនយោបាយរួម ដូចដែលសម្តេចលើកឡើងកន្លងមក ដែលជំរុញឱ្យអាស៊ានបើកប្រទេសឡើងវិញទាំងអស់គ្នា ទើបអាចជួយគ្នាបាន ព្រោះថាឥលូវនេះ យើងមិនគួររំពឹងភ្ញៀវមកពីឆ្ងាយនោះទេ។ យើងស្រមៃមើល បើថៃបើកព្រំដែន វៀតណាមបើកព្រំដែន នឹងជួយដោះដូរភ្ញៀវទេសចរគ្នាបានច្រើន»

លោកបន្តថា ប្រសិនបើសង្រ្គាមរវាងប្រទេសទាំងពីរនៅតែបន្ត ហើយសាំងនៅតែបន្តឡើងថ្លៃបែបនេះ នឹងប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិ ហើយសូម្បីតែភ្ញៀវជាតិ ក៏អាចនឹងកាត់បន្ថយការដើរកម្សាន្តផងដែរ។ សម្រាប់អ្នកមានជីវភាពធូរធានៅតែដើរកម្សាន្ត ប៉ុន្តែសម្រាប់អ្នកមានជីវភាពមធ្យម និងក្រោមមធ្យម អាចនឹងមានការថយចុះច្រើន ដោយសារតែតម្លៃសាំងកើនឡើងជាបន្តបន្ទាប់។

លោកស្រី ឆាយ ស៊ីវលីន បានបង្ហាញការព្រួយបារម្ភថា តម្លៃសាំងកើនឡើងជាបន្តបន្ទាប់នេះ នឹងប៉ះពាល់ការរៀបចំកញ្ចប់ទស្សនកិច្ច ទាំងសម្រាប់ភ្ញៀវក្នុងស្រុក និងក្រៅស្រុក ព្រោះនៅតែកញ្ចប់នេះឡើងថ្លៃ ដោយឥតព្រៀងទុកនឹងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ។

គួរជម្រាបថា កាលចុងសប្តាហ៍កន្លងមកកម្ពុជាទទួលបានភ្ញៀវជាង២៥ម៉ឺននាក់ កើនឡើងប្រមាណ ២៧.៣០% ធៀបនឹងចុងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិជាង២៤ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជាង១ម៉ឺននាក់៕