(បាងកក)៖ ក្រុមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាន (AEM) ចង់ធ្វើឱ្យប្រសើរឡើង (upgrade) នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានស្រាប់ និងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងចំណោមសមាជិកទាំងអស់ ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចតំបន់រស់ឡើងវិញក្នុងគ្រាដែលមានវិបត្តិកូវីដ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Auramon Supthaweethum អគ្គនាយកនៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ប្រទេសថៃថា ក្រុមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរំពឹងថានឹងពិភាក្សាអំពីការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញក្នុងគ្រាដែលមានការរាតត្បាតជំងឺ និងយុទ្ធសាស្រ្តអាស៊ានសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសមិនមែនជាសមាជិកអាស៊ាននៅក្នុងកិច្ចចង្អៀតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ានលើកទី២៨។

លោកស្រី Supthaweethum ថ្លែងថា៖ «កម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ាន ចង់ឱ្យសមាជិកអាស៊ានទាំងអស់ធ្វើការរួមគ្នាដើម្បីចាប់ផ្តើមចរចាដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និង FTA ដែលមានស្រាប់ ជាពិសេស FTA រវាងអាស៊ាន អូស្រ្តាលីនិងណូវែលសេឡង់ និងពន្លឿនការអនុវត្តកិច្ចព្រមព្រៀង RCEP សម្រាប់សមាជិកទាំងអស់»

ក្នុងចំណោមសមាជិកអាស៊ាន មានតែប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងហ្វីលីពីនប៉ុណ្ណោះដែលមិនទាន់បានដាក់ជូនការផ្តល់សច្ចាប័នកិច្ចព្រមព្រៀង RCEP ទៅកាន់លេខាធិការដ្ឋានអាស៊ាន។

RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតក្នុងពិភពលោក បានចូលជាធរមាននៅដើមឆ្នាំនេះ បន្ទាប់ពីមានការផ្តល់សច្ចាប័នដោយប្រទេសអាស៊ានយ៉ាងហោចណាស់ចំនួន៦ និងប្រទេសហត្ថលេខីបីផ្សេងទៀត៕