(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនប្រឈមនឹងកង្វះខាតស្រូវសាលីរយៈពេលខ្លី ដោយសារការពឹងផ្អែកខ្លាំងរបស់ប្រទេសទាំងនោះលើការនាំចេញស្រូវសាលីរបស់អ៊ុយក្រែន ដែលរងការអាក់ខានដោយសារការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ធនាគារពិភពលោកបានឱ្យដឹងក្នុងរបាយការណ៍ស្តីពីការឃ្លាំមើលពាណិជ្ជកម្មចុងក្រោយបំផុតរបស់ខ្លួនថា ប្រទេសហ្គំប៊ី លីបង់ ម៉ុលដាវី ជីប៊ូទី លីប៊ី ទុយនីស៊ី និងប៉ាគីស្ថាន ប្រឈមខ្លាំងបំផុតទៅនឹងការអាក់ខានពីការនាំចេញស្រូវសាលីរបស់អ៊ុយក្រែន ដែលមានប្រហែល ៤០ភាគរយឬច្រើនជាងនេះនៃការនាំចូលស្រូវសាលីរបស់ប្រទេសទាំងនោះ។

ធនាគារពិភពលោកបានឱ្យដឹងថា៖ «ប្រទេសនាំចូលទាំងនោះនឹងជួបការលំបាកក្នុងការផ្លាស់ប្តូរទៅរកប្រភពផ្គត់ផ្គង់ជំនួស ដែលអាចឈានទៅរកកង្វះការផ្គត់ផ្គង់ក្នុងរយៈពេលខ្លី»

ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិស្ថិតក្នុងស្ថានភាពកាន់តែអាក្រក់ដោយសារការដាក់កម្រិតលើការនាំចេញរបស់រុស្ស៊ីលើស្រូវសាលី និងគ្រាប់ធញ្ញជាតិផ្សេងទៀតទៅកាន់ប្រទេសនានាលើកលែងតែប្រទេស ដែលជាសមាជិកសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប (EEU) ដែលរួមមានប្រទេសអាមេនី បេឡារុស កាហ្សាក់ស្ថាន និងកៀហ្ស៉ីស៊ីស្ថាន។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោក រុស្ស៊ីគឺជាប្រទេសនាំចេញស្រូវសាលីច្រើនបំផុតក្នុងឆ្នាំ២០១៨ ហើយអ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលីធំទី៥។ ប្រទេសទាំងពីរនេះរួមគ្នាមានការនាំចេញស្រូវសាលីប្រហែល ១ភាគ៤ នៃការនាំចេញពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕