(ព្រុចសែល)៖ សហភាពអឺរ៉ុបនៅថ្ងៃអង្គារសប្តាហ៍នេះបានអនុម័តជាផ្លូវការនូវទណ្ឌកម្មថ្មីជាច្រើនប្រឆាំងនឹងប្រទេសរុស្ស៊ីដោយសារការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយក្រែន ដែលរួមមានការហាមឃាត់ការវិនិយោគលើវិស័យថាមពលរបស់រុស្ស៊ី ការនាំចេញទំនិញប្រណិត និងការនាំចូលផលិតផលដែកពីរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទណ្ឌកម្មទាំងនេះដែលចូលជាធរមានបន្ទាប់ពីចេញផ្សាយនៅព្រឹត្តិប័ត្រផ្លូវការរបស់សហភាពអឺរ៉ុបនៅថ្ងៃអង្គារ ក៏បង្កកទ្រព្យរបស់ថ្នាក់ដឹកនាំជំនួញជាច្រើនផងដែរ ដែលគាំទ្រប្រទេសរុស្ស៊ី រួមទាំងលោក Roman Abramovich ដែលជាម្ចាស់ក្លឹបបាត់ទាល់ Chelsea។

គណៈកម្មការអឺរ៉ុបបានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារថា ទណ្ឌកម្មទាំងនេះរួមមានទាំង «ការសម្រេចបានការហាមឃាត់ការវិនិយោគថ្មីនៅទូទាំងវិស័យថាមពលរុស្ស៊ី»

ប្រភពមួយបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វិធានការនេះនឹងប៉ពាល់ដល់ក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ីដូចជាក្រុមហ៊ុន Rosneft ក្រុមហ៊ុន Transneft និងក្រុមហ៊ុន Gazprom Neft ប៉ុន្តែសមាជិករបស់សហភាពអឺរ៉ុបនឹងនៅតែអាចទិញប្រេងនិងឧស្ម័នពីក្រុមហ៊ុនទាំងបីនេះបានដដែល។

គណៈកម្មការអឺរ៉ុបបានឱ្យដឹងទៀតថា ក៏នឹងមានការហាមឃាត់ទាំងស្រុងផងដែរទៅលើប្រតិបត្តិការជាមួយសហគ្រាសរដ្ឋរុស្ស៊ីមួយចំនួន ដែលមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំង។

សហភាពអឺរ៉ុបបានឈានដល់ការព្រមព្រៀងជាបឋមស្តីពីទណ្ឌកម្មថ្មីៗទាំងនេះកាលពីថ្ងៃចន្ទ ហើយមិនមានការជំទាស់ឡើយមុនពេលកាលបរិច្ឆេទកំណត់មកដល់។

គណៈកម្មការអឺរ៉ុបបានបន្តថា ការហាមឃាត់លើការនាំចូលដែករុស្ស៊ីត្រូវបានប៉ាន់ប្រមាណថាប៉ះពាល់ដល់ផលិតផលដែកតម្លៃ ៣,៣ប៊ីលានអឺរ៉ូ (៣,៦ប៊ីលានដុល្លារ)។

ប្រភពពីសភាពអឺរ៉ុបបានឱ្យដឹងថា ក្រុមហ៊ុនអឺរ៉ុបក៏នឹងលែងត្រូវបានអនុញ្ញាតឱ្យនាំចេញទំនិញប្រណិតដែលមានតម្លៃច្រើនជាង ៣០០អឺរ៉ូផងដែរ រួមទាំងគ្រឿងអលង្ការ។ ការនាំចេញរថយន្តដែលមានតម្លៃច្រើនជាង ៥០.០០០អឺរ៉ូក៏នឹងប្រឈមការនាំឃាត់ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕