(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា សង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន មិនទាន់មានផលប៉ះពាល់ដល់ការនាំចេញនាំចូលរបស់ប្រទេសកម្ពុជានោះទេ លើកលែងតែតម្លៃប្រេងដែលបានកើនឡើង។

ការគូសបញ្ជាក់បែបនេះរបស់លោក ប៉ែន សុវិជាតិ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្នុងសិក្ខាសាលាភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលប៉ះពាល់ បញ្ហាប្រឈម និងកំណើនអនាគត សម្រាប់អាស៊ីបូព៌ា និងអាស៊ាន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ជម្រាបជូនសាធារណជនឲ្យបានជ្រាបថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់មានផលប៉ះពាល់អ្វី ដល់ប្រទេសកម្ពុជាយើងទេ លើកលែងតែតម្លៃប្រេង»

លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា កម្ពុជានៅបន្តនាំចេញទៅប្រទេសរុស្សីជាធម្មតា និងនៅតែបន្តនាំចូលមកប្រទេសរុស្សីជាធម្មតា ដោយអត់មានប៉ះពាល់នោះទេ។

លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា សម្រាប់តម្លៃប្រេង គឺជារឿងមួយ ដែលរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ ហើយសង្ឃឹមថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ឆាប់ៗ ដូច្នេះអ្វីៗនឹងត្រឡប់មករកប្រក្រតីភាពវិញ នៅពេលឆាប់ៗនេះ។

ជុំវិញតម្លៃប្រេងនេះដែរ ក្រសួងនឹងរៀបចំធ្វើការផ្លាស់ប្តូរការជូនដំណឹងពីពេលវេលា កំណត់តម្លៃប្រេងឥន្ធនៈ ពី១៥ថ្ងៃម្តង មកត្រឹម១០ថ្ងៃម្តងវិញ ដើម្បីឲ្យឆាប់មានការ ផ្លាស់ប្តូរប្រែប្រួលនូវតម្លៃប្រេង និងដើរឲ្យទាន់នៃការឡើងចុះ នៃតម្លៃប្រេងឥន្ធនៈ។

តាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី កាលពីឆ្នាំ២០២១ មានចំនួនជាង ៩៤.១៨ លានដុល្លារ កើនឡើងជាង៣០លានដុល្លារបើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានជាងមានចំនួន៦៣.៨១លានដុល្លារអាមេរិក។ ទិន្នន័យនេះបានបញ្ជាក់ថា កម្ពុជានាំចេញទៅរុស្ស៉ីចំនួនជាង៥៩.៥៤លានដុល្លារ ខណៈការនាំចូលពីរុស្ស៉ីវិញមានចំនួន ៣៤.៦៤ លានដុល្លារ ។

ដោយឡែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយក្រែន កាលពីឆ្នាំ២០២១វិញ មានជាង៨.៥៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអ៊ុយក្រែនចំនួនជាង ៦ លានដុល្លារ និងនាំចូលពីអ៊ុយក្រែនចំនួន ២.៤លានដុល្លារ៕