(ភ្នំពេញ)៖ រយៈពេល២ខែដំបូង ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសម្រាប់ថវិកាជាតិបានចំនួន ២ ០៧៤.៦៦ ប៊ីលានរៀល ស្មើនឹងប្រមាណជា ៥១២.២៦ លានដុល្លារ កើនឡើង២២.៦៩% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

លទ្ធផលប្រមូលចំណូលនេះ ត្រូវបានប្រកាសឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ ប្រភេទ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ១៩០.១៥ ប៊ីលានរៀល (កើនឡើង ២៣.៦១ ប៊ីលានរៀល ស្មើនឹង ១៤.១៨%), អាករលើតម្លៃបន្ថែមមានចំនួន ២៥២.៧៨ ប៊ីលានរៀល (កើនឡើង ១៣.២៣ ប៊ីលានរៀល ស្មើនឹង ៥.៥២%), អាករពិសេសមានចំនួន ១០៥.៦៧ ប៊ីលានរៀល (កើនឡើង ១៥.៥០ ប៊ីលានរៀល ស្មើនឹង ១៧.១៩%), ពន្ធលើប្រាក់បៀវត្សមានចំនួន ៩៨.៤២ ប៊ីលានរៀល (កើនឡើង ១៨.៥១ ប៊ីលានរៀល ស្មើនឹង ២៣.១៧%), និង ពន្ធប្រថាប់ត្រាលើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៦៣.២៣ប៊ីលានរៀល (កើនឡើង ៩.១៨ ប៊ីលានរៀល ស្មើនឹង ១៦.៩៨%)។

ក្នុងឱកាសនេះលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ការក្រើនរំលឹកពាក់ព័ន្ធនឹងអនុលោមភាពសារពើពន្ធ បទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ថា កន្លងមកមានសហគ្រាសមួយចំនួនតូច មិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវ និងរហូតបង្កើតជាផែនការគេចវេះពន្ធ (Tax Evasion Scheme) រៀបចំកិច្ចសន្យានិងវិក្កយបត្រក្លែងក្លាយ ក្នុងគោលដៅកាត់បន្ថយការបង់ពន្ធ អាចនឹងក្លាយជាគោលដៅនៃការស៊ើបអង្កេត ចំពោះបទល្មើសព្រហ្មទណ្ឌ និងករណីធ្ងន់ធ្ងរអាចឈានដល់បទល្មើស សម្អាតប្រាក់។

តាមរយៈកិច្ចប្រជុំថ្ងៃនេះ នាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ បានធ្វើបទបង្ហាញ និងចែករំលែកអំពីមេរៀនបទពិសោធន៍ អំពីអ្វីជាបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ ហើយចង់ឱ្យអ្នកជាប់ពន្ធទាំងអស់ចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដើម្បីជៀសផុតពីការទទួលរងទោសទណ្ឌណាមួយជាយថាហេតុ។

ជាមួយគ្នានេះ ក៏មានបទបង្ហាញស្តីពីលទ្ធផលនៃការធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសពន្ធដារ ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានថ្មីៗនេះ ដោយមានកិច្ចសហការល្អជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាមូលដ្ឋាននៃប្រភពព័ត៌មានចាំបាច់និងគ្រប់គ្រាន់ សម្រាប់ធ្វើការស៊ើបអង្កេត ចោទប្រកាន់ និងការផ្តន្ទាទោស។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះ គឺជាជោគជ័យនិងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕