(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ថា ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP ) ជាកិច្ចអន្តរាគមន៍រយៈពេលវែង សម្រាប់ដំណើរបស់កម្ពុជា ក្នុងការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍតិចតួចរបស់ខ្លួន នៅឆ្នាំ២០២៨ និងការខិតខំប្រឹងប្រែងដែលបានគ្រោងទុក ដើម្បីសម្រេចបាននូវស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងដូចនេះ នៅក្នុងសិក្ខាសាលាបើកភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់៖ ផលប៉ះពាល់ បញ្ហាប្រឈម និងកំណើនអនាគត សម្រាប់អាស៊ីបូព៌ា និងអាស៊ាន នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ ដោយមានការចូលរួមតាមប្រព័ន្ធអនឡាញ ពីលោកសាស្រ្តាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថាន ERIA រួមទាំងមានការអ្នកចូលរួមដោយផ្ទាល់ជាច្រើនរូបទៀត។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ទៀតថា សម្រាប់ប្រទេសកម្ពុជា កិច្ចព្រមព្រៀងនេះបង្កើតជាវេទិកាផ្លូវច្បាប់ទំនើប ដែលជំរុញប្រទេសឱ្យបង្កើតកិច្ចព្រមព្រៀងសេរីបន្ថែមទៀត ដោយប្រើកិច្ចព្រមព្រៀងអាសិបជាគំរូ ឬកម្រិតកំណត់នៃសេរីភាវូបនីយកម្ម និងដើម្បីធ្វើកំណែទម្រង់ជាច្រើន ធានារក្សាស្តង់ដាររបស់ខ្លួន ដែលអាចមានសមាមាត្រ ទៅនឹងកម្រិតដែលកិច្ចព្រមព្រៀងនេះ អាចទទួលយកបាន រួមទាំងនៅផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ និងស្ថាប័ន។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ដែរថា តាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) កម្ពុជាត្រៀមនឹងទទួលបាននូវការកើនឡើងចំនួន ៧.៣%ក្នុងការនាំចេញ, ២៣.៤% ក្នុងការវិនិយោគ និង២% នៃផលិតផលក្នុងស្រុកសរុប ពីការអនុវត្តកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP ) ។

លោកបានបព្ជាក់ទៀតថា ក្រៅពីនេះកិច្ចព្រមព្រៀង RCEP នេះ កម្ពុជាក៏បង្កើតឥទ្ធិពលជាវិជ្ជមានផ្សេងទៀត រួមទាំងផ្តល់កាលានុវត្តភាព ក្នុងការស្តារកិច្ច អភិវឌ្ឍន៍ឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ និងបរិវត្តកម្មផ្នែករចនាសម្ព័ន្ធក្រោយជំងឺរាតត្បាត តាមរយៈការផ្តល់ឱកាសការងារ ការជំរុញការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការទទួលអត្ថប្រយោជន៍ប្រកបដោយបរិយាប័ន្នពីកិច្ចព្រមព្រៀងនេះ។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ដែរថា សម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា កិច្ចព្រមព្រៀងអាសិប មិនគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ តែជាកតាលីករក្នុងការជំរុញការស្តារសេដ្ឋកិច្ច ឡើងវិញក្នុងតំបន់ក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ១៩។ កិច្ចព្រមព្រៀងនេះក៏ជាយន្តការ ដែលអាចសង្គ្រោះតំបន់ទាំងពីរ ក្នុងស្ថានភាពមិនប្រាកដប្រជាជាសកល រួមមានការជាប់គាំងនៃប្រព័ន្ធពហុភាគីនិយម នៅអង្គការ WTO ការដាក់ចេញគោលនយោបាយគាំពារនិយម ឯកតោភាគី នៃរដ្ឋមួយចំនួន និងផលប៉ះពាល់ជាសកលនៃវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ៕