(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ ការតភ្ជាប់ជើងហោះហើររវាងកម្ពុជា-ជប៉ុន នៅមិនទាន់ដំណើរការឡើងវិញនោះទេ តែភាគីជប៉ុន កំពុងពិចារណាក្នុងការតភ្ជាប់ជើងហោះហើរជាមួយកម្ពុជាឡើងវិញ ក្នុងពេលឆាប់ៗ។

អ្នកនាំពាក្យរូបនេះបន្តថា ការមិនទាន់ចាប់ផ្តើមហោះហើរឡើងវិញនេះ ដោយសារកត្តាទីផ្សារ និងកត្តាតម្រូវការនៃការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានធ្លាក់ចុះ ស្របពេលដែលវិធានការណ៍ចត្តាឡីស័កនៅប្រទេសជប៉ុន នៅតឹងរ៉ឹងនៅឡើយ ដែលធ្វើឲ្យប្រជាជនពិបាកធ្វើដំណើរចេញចូល។

លោកថា បច្ចុប្បន្ននេះប្រសិនបើប្រជាជនកម្ពុជា ឬប្រជាជនជប៉ុន ចង់ធ្វើដំណើររវាងកម្ពុជា-ជប៉ុន ត្រូវឆ្លងកាត់ប្រទេសផ្សេងទៀតដូចជាប្រទេសថៃ សឹង្ហបុរី និងកូរ៉េ ទើបធ្វើដំណើរចូលប្រទេសកម្ពុជា ឬជប៉ុន។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «មុនវិបត្តិជំងឺកូវីដ១៩ មានក្រុមហ៊ុន All Nippon Airways (ANA) របស់ប្រទេសជប៉ុន បានហោះហើររវាងទីក្រុងណារីតា-រាជធានីភ្នំពេញ ចំនួន៧ជើងក្នុង១សប្តាហ៍ ហើយបច្ចុប្បន្ននេះពុំមានការហោះហើរឡើយ។ យើងរំពឹងថា ប្រទេសជប៉ុន នឹងកែប្រែវិធានចត្តាឡីស័ក ដែលនឹងនាំមកនូវការហោះហើរឡើងវិញ ស្របពេលកម្ពុជាបានបើកប្រទេសពេញលេញឡើងវិញ ចាប់តាំងពីចុងឆ្នាំ២០២១មក»។

ជើងហោះហើរ បានដើរនាទីសំខាន់ណាស់សម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ច ការទូត ទេសចរណ៍ និងវិនិយោគ។ ជប៉ុនជាប្រទេស ដែលកំពុងវិនិយោគនៅកម្ពុជាដ៏មានសក្តានុពលមួយ ក្នុងចំណោមប្រទេសផ្សេងៗទៀត។

គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍គម្រោងវិនិយោគជប៉ុនចំនួន១៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៨៥៣លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក៕