(វ៉ាស៊ីនតោន)៖ លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងថា IMF រំពឹងថានឹងទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួនដោយសារការខូចខាតផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយសារការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Georgieva ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ក្រៅពីការខូចខាតចំពោះអ៊ុយក្រែន ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចទៅលើទីក្រុងម៉ូស្គូជាការឆ្លើយតបទៅនឹងសង្គ្រាម នឹងឈានទៅរក «ការធ្លាក់ចុះខ្លាំង» ចំពោះសេដ្ឋកិច្ចរុស្ស៊ី។

លោកស្រីបានថ្លែងថា ប្រទេសរុស្ស៊ី «កំពុងធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចដ៏ជ្រៅ» ហើយការបរាជ័យក្នុងការសងបំណុលលែងក្លាយទៅជា «ហេតុការណ៍ចម្លែក» ទៀតហើយ។

មូលនិធិ IMF កាលពីខែមករា បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២២ មកនៅត្រឹម ៤,៤ភាគរយដោយសារផលប៉ះពាល់អវិជ្ជមានរបស់វីរុសអូមីក្រុងប្រភេទថ្មី បន្ទាប់ពីផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកបានកើនឡើង ៥,៩ភាគរយនៅឆ្នាំ២០២១។ មូលនិធិនេះគ្រោងនឹងចេញផ្សាយការព្យាករដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួននៅខែក្រោយ។

សង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្ម ដែលរួមទាំងការហាមឃាត់ការនាំចូលប្រេងរុស្ស៊ីពីសំណាក់អាមេរិក កំពុងរីករាលដាលទៅកាន់សេដ្ឋកិច្ចពិភពលោក ដែលបង្កឱ្យការចំណាយលើថាមពល និងទំនិញសំខាន់ៗផ្សេងទៀតដូចជាស្រូវសាលី ជី និងលោហៈកើនឡើង។

លោកស្រី Georgieva លើកឡើងថា នោះកើតមានឡើង «បន្ថែមពីលើអតិផរណាដែលមានកម្រិតខ្ពស់រួចស្រាប់ទៅហើយ ហើយកំពុងបង្កឱ្យមានក្តីបារម្ភខ្លាំងនៅក្នុងទីកន្លែងជាច្រើនក្នុងពិភពលោក»