(វ៉ាស៊ីនតោន)៖ តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងខ្លាំងនៅខែកុម្ភៈ ដល់កម្រិតខ្ពស់បំផុតថ្មីមួយក្នុងរយៈពេល ៤០ឆ្នាំដោយសារការឡើងថ្លៃប្រេងសាំង អាហារ និងផ្ទះ ខណៈដែលអត្រាអតិផរណារំពឹងថានឹងកើនឡើងបន្ថែមទៀតបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីក្រសួងការងារអាមេរិកថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៧,៩ភាគរយនៅខែកុម្ភៈ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីកើនឡើង ៧,៥ភាគរយនៅខែមករា។ ដោយឡែក អត្រាអតិផរណាដែលត្រូវបានគេតាមដានមើលយ៉ាងទូលំទូលាយបានកើនឡើង ០,៨ភាគរយនៅខែកុម្ភៈធៀបនឹងខែមករា ដែលឆ្លុះបញ្ចាំងពីកំណើនប្រេងសាំង អាហារ និងការចំណាយលើការស្នាក់នៅ។ តួលេខទាំងពីរនេះត្រូវគ្នានឹងការព្យាករជាមធ្យមរបស់សេដ្ឋវិទូក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg។

ដោយមិនរាប់បញ្ចូលទំនិញអាហារ និងថាមពលដែលប្រែប្រួលតម្លៃខ្លាំង អតិផរណាស្នូលបានកើនឡើង ០,៥ភាគរយនៅខែកុម្ភៈ ធៀបនឹងខែមករាឆ្នាំនេះ និងកើនឡើង ៦,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅខែកុម្ភៈ បានបង្ហាញថា តម្លៃប្រេងសាំងបានកើនឡើង ៦,៦ភាគរយធៀបនឹងខែមករា និងមានចំណែកជិតមួយភាគបីនៃការកំណើនប្រចាំខែ។ កំណើននេះអាចឆ្លុះបញ្ចាំងពីការកើនឡើងតម្លៃថាមពលដោយសារតែរយៈពេលប៉ុន្មានថ្ងៃដំបូងនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ។ ផលប៉ះពាល់នេះនឹងបង្ហាញពេញលេញនៅក្នុងរបាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅខែមីនា។

យោងតាមទិន្នន័យពីសមាគមរថយន្តអាមេរិក រហូតមកដល់ពេលនេះក្នុងខែនេះ តម្លៃប្រេងលក់រាយនៅតាមស្ថានីយនៅអាមេរិកបានកើនឡើង ១៩,៣ភាគរយដល់ ៤,៣២ដុល្លារក្នុងមួយហ្កាឡិន (៣,៧៨៥លីត្រ)។

របាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានបង្ហាញថា តម្លៃទំនិញបានកើនឡើង ១ភាគរយនៅខែកុម្ភៈធៀបនឹងខែមករា ដែលជាកំណើនខ្ពស់បំផុតគិតចាប់ពីខែមេសា ឆ្នាំ២០២០មក។ ធៀបនឹងខែកុម្ភៈឆ្នាំមុន តម្លៃអាហារបានកើនឡើង ៧,៩ភាគរយ ដែលជាកំណើនខ្ពស់បំផុតគិតចាប់ពីឆ្នាំ១៩៨១មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕