(ភ្នំពេញ)៖ លោក គាម សៀកឡុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Dream Property និងជាម្ចាស់សៀវភៅវិថីអចលនទ្រព្យ បានថ្លែងបញ្ជាក់ថា មកដល់ឆ្នាំ ២០២២នេះ សន្ទុះនៃការទិញលក់អចនទ្រព្យ ចាប់ផ្តើមមានកំណើនឡើងវិញជាបណ្តើរៗហើយ ប៉ុន្តែមិនលឿនពេកទេ ប្រសិនប្រៀបធៀបនឹងមុនពេលមានជំងឺកូវីដ១៩ ។

លោក គាម សៀកឡុង បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាស្តីពី «មុខរបរក្នុងវិស័យសំណង់ និងអចលនទ្រព្យ២០២២» នៅមជ្ឈមណ្ឌល CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានការចូលរួមជាវាគ្មិន លោក រិន សុខរឿន ស្ថាបនិកថ្នាំពណ៌វីផេន Vpaint, លោក សំ កុសល ស្ថាបនិកបក្សីមេឌា រួមទាំងសិក្ខាកាមជាច្រើនអ្នកទៀតផងដែរ។

លោក គាម សៀកឡុង បានអះអាងដូចនេះថា «មកដល់ឆ្នាំ២០២២នេះ យើងឃើញសន្ទុះនៃការទិញលក់អចលនទ្រព្យ ចាប់ផ្តើមមានកំណើនឡើងវិញបណ្តើរៗ ប៉ុន្តែមិនលឿនពេកទេ ប្រសិនយើងប្រៀបធៀបមុនកូវីដ គឺយើងមិនទាន់ទៅដល់ដំណាក់កាលមុនកូវីដទេ ប៉ុន្តែចាប់ផ្តើមមានសន្ទុះដោយសារអត្រាចាក់វ៉ាក់សាំងយើងមានកម្រិតខ្ពស់ទូទាំងប្រទេស បើប្រៀធៀបនិងប្រជាជនទូទាំងប្រទេសមានអត្រាជាង ៩២% ការដំណើរការសេដ្ឋកិច្ចលើគ្រប់វិស័យចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក ហើយ វិស័យធនាគារ នៅតែជួយគាំទ្រកំណើននៃការលូតលាស់ក្នុងវិស័យអចនទ្រព្យ [..] បូករួមជាមួយនឹងការព្យាករថា ក្នុងឆ្នាំនេះកំណើនសេដ្ឋកិច្ចនឹងងើបឡើងវិញ»

លោក គាម សៀកឡុង បានបន្តថា ស្របពេលដែលសន្ទុះនៃការទិញលក់អចលនទ្រព្យចាប់ផ្តើមកើនឡើងវិញ តែក៏នៅមានបញ្ហាប្រឈមផងដែរ ព្រោះវិស័យអច ទ្រព្យ បច្ចុប្បន្ននេះ គឺរំពឹងតែទៅលើវិនិយោគគិនក្នុងស្រុកភាគច្រើន ហើយសម្រាប់ការវិនិយោគពីក្រៅស្រុក នៅមិនទាន់មានការផុលផុលនៅឡើយទេ។

លោក គាម សៀកឡុង បានអះអាងដែរថា នៅក្នុងឱកាសជំងឺកូវីដ១៩នេះ ក៏ជាឱកាសចំនេញសម្រាប់អ្នកមានលទ្ធភាព អាចធ្វើការវិនិយោគលើវិស័យដីធ្លីសម្រាប់ រយៈពេលវែង ជាពិសេសដីធ្លីនៅតាមតំបន់ជាយក្រុង ដែលអាចទិញបានអចនទ្រព្យដែលមានទីតាំងល្អ និងមានតម្លៃទាប ហើយវិស័យអចនទ្រព្យនឹងនៅតែមានឱកាស ចំនេញសម្រាប់ការវិនិយោគរយៈពេលវែង ដែលយ៉ាងហោចណាស់ពី ៥ឆ្នាំ ទៅ១០ឆ្នាំផងដែរ៕