(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានឱ្យដឹងថា វិបត្តិនៃការរីករាលដាលវីរុសបំប្លែងថ្មី អូមីក្រុង និងសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន បាននិងកំពុងធ្វើឱ្យការលក់លំនៅដ្ឋាន និងអចលនទ្រព្យនៅកម្ពុជាធ្លាក់ចុះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ អ្នកឧកញ៉ា លី ហួរ មានប្រសាសន៍ថា វិបត្តិចំនួនពីរ គឺការរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួននៅកម្ពុជា រងផលប៉ះពាល់ ដោយសារការលក់ធ្លាក់ចុះ ស្របពេលដែរសម្ភារៈសំណង់ឡើងថ្លៃ។

អ្នកឧកញ៉ាបានបញ្ជក់យ៉ាងដូច្នេះថា «ការធ្លាក់ចុះចាប់តាំងពីអូមីក្រុងវាយលុកខ្លាំង ព្រោះអូមីក្រុងវាឆ្លងលឿន គ្រាន់តែថា វាខ្សោយជាងដែលតា យើងធ្លាក់ចុះមួយកម្រិត។ ដល់ពេលរឿងរុស្ស៊ី និងអ៊ុយក្រែន ធ្លាក់ចុះមួយកម្រិតទៀត។ ដូចមតិទូទៅដឹងទាំងអស់គ្នាហើយថា តែកាលណាមានសង្រ្គាមមហាអំណាចអីចឹង វាពាក់ព័ន្ធជាមួយសេដ្ឋកិច្ច ពាក់ព័ន្ធនឹងកសិកម្ម ការផលិត ការដឹកជញ្ជូន…»

អ្នកឧកញ៉ាបន្តថា ដោយសារប្រេងឥន្ធនៈឡើងថ្លៃ បានជំរុញឱ្យការដឹកជញ្ជូនឡើងថ្លៃ ដែលបណ្តាលដែក និងសម្ភារៈសំណង់ផ្សេងៗក៏ឡើងថ្លៃតាមដែរ។ កត្តានេះបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់។ តែយ៉ាងណាអ្នកឧកញ៉ាបញ្ជាក់ថា មិនទាន់មានក្រុមហ៊ុនសាងសង់ណាមួយបញ្ឈប់ គម្រោងសាងសង់នោះទេ ដោយពួកនៅតែអនុវត្តគម្រោងជាធម្មតា។

អ្នកឧកញ៉ាបន្ថែមថា ស្ថានភាពពេលនេះ ពិបាកក្នុងការវាយតម្លៃ គឺអាស្រ័យទៅលើស្ថានភាពពិភពលោក ជាពិសេសការបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ នៅលើពិភពលោក។ ប្រសិនបើសង្រ្គាមនេះបញ្ចប់នឹងធ្វើឱ្យវិស័យផ្សេងៗ វិលមករកភាពល្អប្រសើរឡើងវិញ ដែលនឹងជំរុញឱ្យវិស័យអចលនទ្រព្យវិលមកភាពល្អឡើងវិញផងដែរ។

ដោយឡែកទីផ្សារខុនដូរវិញ អ្នកស្រី អាន សុធីតា អ្នកជំនាញខាងទីផ្សារខុនដូរបានឱ្យដឹងថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហាក់មិនអាចបានផ្តល់ប៉ះពាល់ដល់ទីផ្សារ និងការវិនិយោគខុនដូរនៅកម្ពុជានោះទេ។ តាមការវាយតម្លៃរបស់អ្នកស្រី សម្រាប់ទីផ្សារខុនដូរ នៅឆ្នាំ២០២២នេះ ល្អជាងឆ្នាំ២០២១ ដោយការលក់មិនមានធ្លាក់ចុះនោះទេ ព្រោះបច្ចុប្បន្ននេះ ទីផ្សារខុនដូរភាគច្រើន គឺពឹងផ្អែកលើអតិថិជនក្នុងស្រុក ដែលពួកគេភាគច្រើនទិញសម្រាប់ប្រើប្រាស់ និងវិនិយោគបន្ត។ បើធៀបនឹងឆ្នាំ២០២១ សន្ទុះនៃការវិនិយោគរបស់អតិថិជនក្នុងស្រុក នៅឆ្នាំនេះមានលំនឹងល្អជាងឆ្នាំមុន។

អ្នកស្រីបានប្រាប់បន្ថែមទៀតថា បើមើលទៅលើការវិនិយោគធំៗ ចាប់ពី៥លានដុលា្លរឡើង ឃើញថាបញ្ហាសង្គ្រាម គឺប៉ះពាល់ដល់ការវិនិយោគ។ ដោយខ្លះពន្យារពេលវិនិយោគមួយរយៈ៕