(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញជួបប្រជុំ និងពិភាក្សាការងារតាមប្រព័ន្ធអនឡាញជាមួយលោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី និងសហការី ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោងផ្តល់ឥណទាន គំាទ្រដល់ការពង្រីកការដំាដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទំាងឥណទានគំាទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម ក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់គំាទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។

ជំនួបពិភាក្សានេះធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយភាគីទំាងពីរ ក៏បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោងផ្តល់ឥណទាន គំាទ្រដល់វិស័យគោលដៅទំាងនេះ ក្រោមកម្មវិធីសហហិរញ្ញប្បទានចែករំលែកហានិភ័យ (Risk Sharing Facilities) រវាងធនាគារទំាងពីរផងដែរ។

បណ្ឌិត កៅ ថាច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសហការី ចំពោះការចំណាយពេលវេលា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់ឥណទានគំាទ្រដល់ការពង្រីកអាជីវកម្ម និងផលិតកម្មក្នុងវិស័យអាទិភាពទំាងនេះ ក្នុងគោលដៅរួមចំណែកក្នុងការបង្កើតការងារ ក្រោមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ឆ្នំា២០២១-២០២៣៕