(ហាណូយ)៖ ក្រុមហ៊ុននាំចេញអាហារសមុទ្ររបស់វៀតណាមទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែនកំពុងជួបបញ្ហា ដោយក្រុមហ៊ុនមួយចំនួនបានរាយការណ៍ពីការធ្លាក់ចុះពីរខ្ទង់ ខណៈដែលការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរនៅតែបន្ត។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ដោយដកសង់ទិន្នន័យពីសមាគមក្រុមហ៊ុននាំចេញនិងក្រុមហ៊ុនផលិតអាហារសមុទ្រវៀតណាម (VASEP) ថា ក្រុមហ៊ុនាំចេញត្រីអណ្តែងសមុទ្រ (catfish) ចំនួន៥ ទៅកាន់ប្រទេសរុស្ស៊ីបានរាយការណ៍ពីការធ្លាក់ចុះ ២៩,៨ភាគរយបើគិតពីតម្លៃនាំចេញ មកនៅត្រឹមចំនួន ២,១៨លានដុល្លារនៅខែមករា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះគឺជាធ្លាក់ចុះមួយធៀបនឹងកំណើន ៧២,៥ភាគរយបើគិតពីតម្លៃនាំចេញកាលពីឆ្នាំមុនទៅកាន់ប្រទេសរុស្ស៊ី។ ប្រទេសវៀតណាមគឺជាអ្នកនាំចូលត្រីអណ្តែងសមុទ្រធំទីបីរបស់រុស្ស៊ីកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសអាហ្សង់ទីន និងចិន។

សមាគម VASEP បានឱ្យដឹងក្នុងរបាយការណ៍ថា៖ «ចាប់តាំងពីដើមឆ្នាំមុន ជាពិសេសបន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារលើប្រទេសអុយក្រែន ការនាំចេញត្រីអណ្តែងសមុទ្រទៅកាន់ទីផ្សាររុស្ស៊ីបានប្រឈមនឹងការអាក់ខាន និងបញ្ហា»

ក្រុមហ៊ុននាំចេញត្រីអណ្តែងសមុទ្របានឱ្យដឹងថា ការធ្លាក់ចុះតម្លៃប្រាក់រូបរបស់រុស្ស៊ី ៣០ភាគរយបានធ្វើឱ្យអតិថិជនលែងចង់ទូទាត់ប្រាក់សម្រាប់ការបញ្ជាទិញរបស់ពួកគេ។ ដំណើរការទូទាត់ប្រាក់ក៏បានក្លាយជាបញ្ហាលំបាកផងដែរដោយសារការដាក់ទណ្ឌកម្មរបស់ប្រទេសលើខាងលិចទៅលើប្រទេសរុស្ស៊ី។

ការនាំចេញក៏បានជួបបញ្ហាប្រឈមផងដែរដោយក្រុមហ៊ុនដឹកជញ្ជូនមិនទទួលយកការដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដោយសារអាចមានឱកាសខ្ពស់ក្នុងការដែលត្រូវបានគេដកហូតទំនិញនៅតាមផ្លូវ។

ក្រុមហ៊ុននាំចេញវៀតណាមបានបញ្ឈប់ការចុះហត្ថលេខាលើការបញ្ជាទិញថ្មីទៅកាន់ប្រទេសរុស្សីបើទោះជាអតិថិជននៅតែចង់ទិញក៏ដោយ។

ទន្ទឹមនឹងនេះដែរ ការនាំចេញបង្គារត្រូវបានរាយការណ៍ថាបានធ្លាក់ចុះ ២៣ភាគរយបើគិតពីតម្លៃនាំចេញមកនៅត្រឹម ៣,៣លានដុល្លារគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងសទី១៥ ខែកុម្ភៈ។

ប្រទេសរុស្ស៊ី និងអ៊ុយក្រែនស្ថិតក្នុងចំណោមទីផ្សារនាំចេញធំទាំង២០សម្រាប់ត្រីធូណារបស់វៀតណាម ប៉ុន្តែក្រុមហ៊ុននាំចេញនិយាយថា ការនាំចេញមួយចំនួនត្រូវបានបង្វិលមកវិញក្នុងគ្រាដែលមានជម្លោះយោធា ហើយពួកគេកំពុងស្វែងរកទីផ្សារថ្មីៗនៅពេលនេះ។ នេះបើយោងតាមកាសែត VN Express៕