(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ប្រទេសជប៉ុននឹងបង្កកទ្រព្យសម្បត្តិរបស់ធនាគារបេឡារុសចំនួនបី ដែលវិធានការនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីប្រទេសជាសមាជិកសហភាពអឺរ៉ុបបង្កើនការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងមីនស្តិ៍ ដោយសារការគាំទ្រដល់ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ទណ្ឌកម្មចុងក្រោយបំផុតរបស់រដ្ឋាភិបាលក្រុងតូក្យូទៅលើប្រទេសបេឡេរុស ដែលនឹងដាក់ទណ្ឌកម្មចាប់ពីថ្ងៃទី១០ ខែមេសាតទៅ កើតមានឡើងខណៈដែលជប៉ុនចាត់វិធានការជាមួយដៃគូដែលជាសមាជិករបស់ក្រុមប្រទេស G7 របស់ខ្លួន ដើម្បីដាក់សម្ពាធទីក្រុងម៉ូស្គូ តាមរយៈការបង្កឧបសគ្គជាច្រើនទៅលើស្ថានប័នហិរញ្ញវត្ថុនិងការនាំចេញនានា រួមទាំងការនាំចេញឧបករណ៍ពាក់កណ្តាលចម្លងផងដែរ។

ប្រទេសជប៉ុនក៏បានប្រកាសនាពេលកន្លងមកផងដែរអំពីការដាក់ទណ្ឌកម្មលើលោក Alexander Lukashenko ប្រនាធិបតីប្រទេសបេឡារុស។

នៅដើមសប្តាហ៍នេះ សហភាពអឺរ៉ុបកាត់ផ្តាច់ធនាគារបេឡារុសចំនួន៣ ចេញពីប្រព័ន្ធសារ SWIFT ពិភពលោក ដោយសារការចូលរួមរបស់ប្រទេសនេះនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា ធនាគារទាំងបីដែលនឹងត្រូវបានដាក់ទណ្ឌកម្មតាមរយៈការបង្កទ្រព្យសម្បត្តិពីសំណាក់ប្រទេសជប៉ុន រួមមាន ធនាគារ Belagroprombank ធនាគារ Bank Dabrabyt និងធនាគារ Development Bank of the Republic of Belarus។ នេះបើយោងតាមតាមទីភ្នាក់ងារព័ត៌មាន AFP៕