(ភ្នំពេញ)៖ សេចក្តីព្រាងគោលនយោបាយជាតិស្វាយចន្ទីកម្ពុជា ឈានចូលដល់ការប្រមូលធាតុចូលចុងក្រោយហើយ ដើម្បីដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាពេលខាងមុខនេះ ខណៈតម្លៃ និងទិន្នផលស្វាយចន្ទី នៅឆ្នាំនេះកំពុងធ្លាក់ចុះ ដែលធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ ក្នុងពេលដែលតម្លៃប្រេង និងថ្នាំជីកសិកម្ម បានឡើងថ្លៃខ្ពស់។

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះរៀបចំ គោលនយោបាយស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែ មីនានេះថា បច្ចុប្បន្នសេចក្តីព្រាងគោលនយោបាយស្វាយចន្ទីកម្ពុជា ក្រសួងកំពុងប្រមូលធាតុចូលចុងក្រោយ ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចប់ក្នុងពេលឆាប់ៗខាងមុននេះ និងដាក់ឆ្លងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។

លោកបានឱ្យដឹងថា ជាគោលដៅក្រសួងពាណិជ្ជកម្ម ចង់ឱ្យគោលនយោបាយនេះ ចេញឱ្យបានឆាប់នៅឆ្នាំនេះ ដើម្បីជំរុញតម្លៃស្វាយចន្ទីឱ្យកាន់តែប្រសើរឡើង ក៏ដូចជាបង្កើនការកែច្នៃ និងការនាំចេញឱ្យកាន់តែច្រើន។

លោកកត់សម្គាល់ថា បច្ចុប្បន្នស្វាយចន្ទីកម្ពុជា កំពុងបញ្ហាប្រឈមមួយចំនួន គឺការដាំដុះរបស់កសិករ មិនទាន់ត្រូវជាមួយបច្ចេកទេស គឺការដាំដុះមិនទាន់ធន់ជាមួយអាកាសធាតុ ការប្រើប្រាស់ថ្នាំ និងជីមិនទាន់ត្រូវតាមស្តង់ដារ ជាពិសេសការបង្ការសត្វល្អឹតចង្រៃមកបំផ្លាញ និងមិនទាន់មានរោងចក្រកែច្នៃច្រើននៅកម្ពុជា។

លោកអះអាង នៅពេលដែលគោលនយោបាយស្វាយចន្ទីកម្ពុជាចេញជាផ្លូវការ នឹងជួយដោះស្រាយបានបញ្ហាទាំងនេះ ជាពិសេសទាក់ទាញរោងចក្រកែច្នៃបានកាន់តែច្រើន ដោយសារស្វាយចន្ទីកម្ពុជាមានគុណភាព និងទីផ្សារអន្តរជាតិ កំពុងមានតម្រូវការស្របពេលដែលកម្ពុជាមានច្បាប់វិនិយោគ ដែលអំណោយផលចំពោះអ្នកវិនិយោគពីក្រៅប្រទេស។

លោកបន្ថែមថា «បច្ចុប្បន្នយើងមានរោងចក្រកែច្នៃមួយចំនួនហើយ តែយើងចង់បានច្រើនទៀត ដើម្បីធ្វើកែច្នៃជៀសវាងយើងប្រមូលបានហើយ យើងនាំចេញផលិតផលមិនទាន់កែច្នៃទៅកាន់ទីផ្សារប្រទេសជិតខាង និងទីផ្សារអន្តរជាតិ ដែលធ្វើឱ្យយើងបាត់តម្លៃបន្ថែម ហើយឈ្នួញ និងអ្នកកែច្នៃរបស់យើង លោកនៅខ្វះដើមទុន ក្នុងការប្រមូលទិញស្តុកទុកនៅឡើយ»

លោកបន្តថា «ស្វាយចន្ទីនៅកម្ពុជា មានគុណភាព និងរសជាតិឆ្ងាញ់ និងល្បីរន្ទឺដល់ឆាកអន្តរជាតិ មួយទៀតស្វាយចន្ទីអាចយកទៅកែច្នៃជាភេស្ជជៈ និងអាហារសម្រន់ច្រើនមុន ដែលជាការពេញចិត្តពីប្រជាជននៅអឺរ៉ុប អាមេរិក និងបស្ចឹមបូព៌ា ហើយកម្ពុជាបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប ដែលកិច្ចចព្រៀមព្រៀងទាំងអស់នេះសុទ្ធតែផ្តល់ ឱកាសឱ្យផលិតផលកម្ពុជានាំចេញទៅទីផ្សារចិន ទីផ្សារកូរ៉េ ដោយមិនជាប់ពន្ធ ហើយក្នុងមុខទំនិញកសិកម្មទាំងនោះក៏មានស្វាយចន្ទីផងដែរ។ ហើយឱកាសមួយទៀត ក្រសួងពាណិជ្ជកម្ម រួមនឹងក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំគោលនយោបាយស្វាយចន្ទី ដើម្បីជំរុញការដាំដុះ ការផលិតកែច្នៃ និងការនាំចេញ»

លោក អួន ស៊ីឡុត សមាគមស្វាយចន្ទីកម្ពុជា បានឱ្យ Fresh News ដឹងដែរថា តាមការប៉ាន់ប្រមាណនៅឆ្នាំនេះ ទិន្នផលស្វាយចន្ទីបានធ្លាក់ចុះប្រមាណពី១០ទៅ៣០% ដោយសារតែការប្រើប្រួលអាកាស។

លោកបន្តថា ភ្លៀងបានធ្លាក់ពាក់កណ្តាលខែកុម្ភៈ ក្នុងពេលដែលស្វាយចន្ទីបានចេញផ្កា ហើយមេឃអាប់អួររហូតគ្មានថ្ងៃ ធ្វើឱ្យខូចផ្កា និងក្តឹប។ ការប្រែប្រួលអាកាសនេះ បានបណ្តាលឱ្យគុណភាពគ្រាប់ធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យឈ្មួញទម្លាក់តម្លៃស្វាយចន្ទី។

លោកបានឱ្យដឹងថា តម្លៃស្វាយចន្ទីបានធ្លាក់ចុះប្រមាណ៥%បើធៀបនឹងឆ្នាំមុន ដោយឆ្នាំនេះមួយគីឡូមានតម្លៃប្រមាណពី៤០០០រៀល ទៅ៥០០០រៀលប៉ុណ្ណោះ ធ្លាក់ចុះជាងឆ្នាំមុន ដែលមានតម្លៃចន្លោះពី៤២០០រៀលទៅ៥៥០០រៀល។

លោក ស៊ីឡុត បន្ថែមថា «ខាតបង់ណាស់ឆ្នាំនេះ ទី១ គឺជី ប្រេងឡើងថ្លៃ ហើយស្វាយចន្ទីប្រមូលផលបានតិចហើយថ្លៃក៏ធ្លាក់ទៀត អីចឹងមួយចំនួនធំនឹងខាតបង់ហើយ ទាំងគេទាំងខ្ញុំ ខ្ញុំបារម្ភណាស់ចំពោះការធ្លាក់ចុះថ្លៃនាពេលបច្ចុប្បន្ន»

លោកថា ដើម្បីធានាស្ថិរភាពតម្លៃស្វាយចន្ទី កម្ពុជាត្រូវការរោងចក្រកែច្នៃ យ៉ាងហោចណាស់ពី៥០ទៅ១០០រោងចក្រ ខណៈបច្ចុប្បន្ននេះកម្ពុជា មានរោងចក្រកែច្នៃធំៗតែ៤ប៉ុណ្ណោះ។ លោករំពឹងថា គោលនយោបាយស្វាយចន្ទីកម្ពុជានឹងចេញឆាប់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស មកសាងសង់រោងចក្រនៅកម្ពុជា បានច្រើន ដើម្បីធានាស្ថេរភាពតម្លៃស្វាយចន្ទីដល់កសិករ៕