(ភ្នំពេញ)៖ នៅរយៈពេលប៉ុន្មានខែខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងលេខកូដ សម្គាល់អចលនទ្រព្យ ចំពោះក្រុមហ៊ុនសាងសង់បុរី ឬផ្ទះល្វែង បើមិនបង់ពន្ធ មិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបានឡើយ ហើយការបង្កើតប្រព័ន្ធនេះ ដើម្បីឲ្យមានតម្លាភាពសម្រាប់អ្នកបង់ពន្ធ។

ចំពោះការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលេខកូដ សម្គាល់អចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនេះ គាំទ្រយ៉ាងពេញទំហឹង។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានមើលឃើញថា ការបង្កើតប្រព័ន្ធលេខកូដសម្គាល់អចលនទ្រព្យនេះ ជារឿងដ៏ល្អមួយទាំងវិស័យរដ្ឋ និងវិស័យឯកជន ហើយកាន់តែងាយស្រួល ចំពោះវិស័យអចលនទ្រព្យ ដោយអាចដឹងព័ត៌មានលម្អិតផ្សេងៗ ព្រមទាំងអាចគ្រប់គ្រងហានីភ័យ។

លោកឧកញ៉ាបានបន្ដថា «អ្វីដែលសំខាន់នេះ សម្រាប់ការបង្កើតប្រព័ន្ធលេខកូដនេះ គឺបានបង្ហាញអំពីភាពស្មើភាពគ្នា សម្រាប់អ្នកបង់ពន្ធ និងអាចផ្ដល់ភាពងាយស្រួលដល់អ្នកបង់ពន្ធផងដែរ»

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា បានឲ្យដឹងថា ចំពោះការដាក់ប្រព័ន្ធលេខកូដសម្គាល់អចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ គឺជាយន្ដការមួយក្នុងការរក្សាភាពសុក្រឹត លើការបង់ពន្ធរបស់អ្នកជាប់ពន្ធ មានន័យថា គឺការបង់ពន្ធមានភាពស្មើភាពគ្នា។

លោកបានបន្ថែមថា ប្រព័ន្ធលេខកូដសម្គាល់នេះ មានអត្ថប្រយោជន៍ច្រើនទាំងពន្ធដារ និងសាធារណជន ដូចជាមានទិន្នន័យគ្រប់គ្រង ចំពោះអ្នកទិញផ្ទះពីមួយទៅមួយ ដោយសារធារណជនអាចដឹងពីការបង់ពន្ធ និងប្រវត្តិរបស់ផ្ទះដែលខ្លួននឹងទិញជាដើម។ តាមរយៈប្រព័ន្ធលេខកូដសម្គាល់អចលនទ្រព្យនេះ គឺផ្ដល់ផលល្អទាំងអ្នកទិញ និងអ្នកលក់ ព្រោះមានភាពច្បាស់លាស់។

សូមជម្រាបថា បើតាមការបញ្ជាក់ឲ្យដឹងពីអគ្គនាយកដ្ឋានពន្ធដារ ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ចំពោះក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែងនេះ អាចដំណើរការនៅចុងខែមេសា ឬក៏ដើមខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ខណៈនាពេលបច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ កំពុងអភិវឌ្ឍន៍កម្មវិធីនេះ។

លោក គង់ វិបុល បានបញ្ជាក់ថា ការរៀបចំកម្មវិធីមាន QR កូដ រាល់ផ្ទះនីមួយៗ ដើម្បីមានភាពស្មើគ្នា អគ្គនាយកដ្ឋានពន្ធដារ ដែលអភិវឌ្ឍន៍ទៅចេញជាប្រព័ន្ធ ដើម្បីឲ្យដឹងថា អ្នកនឹងមកទិញផ្ទះពីម្ចាស់បុរី មានអី QR កូដហើយបើអ្នកណាទិញដោយគ្មាន QR កូដនេះ មានន័យថា ម្ចាស់បុរីអត់បង់ពន្ធ និងអត់បានចុះបញ្ជី៕