(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានឱ្យដឹងថា តម្លៃហ៊ុននៅកម្ពុជា បានចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះ កាលពីអំឡុងនៃការចាប់ផ្តើមសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទ នៅថ្ងៃទី៨ ខែមីនានេះ លោកហុង សុហួរ បានឱ្យដឹងថា ការធ្លាក់ចុះនេះ អាចមកពីព្រឹត្តិការណ៍ពិភពលោក ព្រឹត្តិការណ៍ក្នុងស្រុក និងស្ថានភាពរបស់ក្រុមហ៊ុនផ្ទាល់។

លោកបានបញ្ជាក់ថា ឥទ្ធិពលនៃសង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងឡើងកម្តៅនេះ ហាក់មិនបានធ្វើឱ្យសកម្មភាពនៃការទិញលក់ នៅក្នុងទីផ្សារភាគហ៊ុន មានការប្រែប្រួលខ្លាំងនោះទេ។

លោកបានឱ្យដឹងថា ក្នុងពេលដែលសង្រ្គាមរវាងប្រទេសទាំងពីរបានផ្ទុះឡើង ធ្វើឱ្យមានសញ្ញាប្រែប្រួលខ្លះ នាំឱ្យសកម្មភាពនៃការលក់ហ៊ុនចេញច្រើន ដែលធ្វើឱ្យភាគហ៊ុនមួយចំនួនធំបានធ្លាក់ចុះ។ ប៉ុន្តែមួយរយៈក្រោយមក សកម្មភាពនៃការទិញយកបានចាប់ផ្តើមកើនឡើងវិញ និងធ្វើឱ្យថ្លៃភាគហ៊ុនមានទំនោរកើនឡើងជាបន្តបន្ទាប់មកដល់ថ្ងៃនេះ។

លោកបានពន្យល់ថា «ពេលដែលព្រឹត្តិការណ៍ហ្នឹងកើតឡើងភ្លាម វាធ្លាក់ចុះច្រើន ហើយច្រើនថ្ងៃក្រោយមកចាប់ផ្តើមឡើងមកវិញបន្តិចម្តងៗរហូតថ្ងៃនេះ អត់ទាន់ធ្លាក់វិញទេ។ នៅពេលមានព្រឹត្តិការណ៍អីមួយកើតឡើងមក វាអាចប៉ះពាល់វាអាចធ្លាក់ចុះឬកើនឡើង ប៉ុន្តែពីមួយរយៈវិនិយោគគិនចាប់ផ្តើមបញ្ចូលព័ត៌មានទៅក្នុងការសម្រេចចិត្តរបស់ខ្លួន អីចឹងធ្វើឱ្យគាត់មានការកែតម្រូវ បញ្ច្រាស់ជាមួយព្រឹត្តិការណ៍»

កាលពីថ្ងៃទី២៤ ខែកុម្ភៈ អំឡុងនៃការចាប់ផ្តើមសង្រ្គាមរបស់រុស្ស៊ី និងអ៊ុយក្រែនថ្ងៃដំបូង តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនខ្លះ ធ្លាក់ដល់៦០០រៀលក្នុងមួយហ៊ុន។ ហើយមកដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ តម្លៃភាគហ៊ុនចាប់កើនឡើងបន្តិចវិញ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារភាគហ៊ុនចំនួន១៧ ក្នុងនោះមូលបត្រកម្មសិទ្ធិចំនួន៩ក្រុមហ៊ុន និងមូលបត្របំណុល៨ក្រុមហ៊ុន។

នៅឆ្នាំ២០២២ CSX រំពឹងថា ក្រុមហ៊ុនចំនួន៧ទៀត បោះជំហានចូលផ្សារមូលបត្រ។ តែយ៉ាងណាលោក ហុង សុហួរ បារម្ភថា វិបត្តិចំនួនពីរ គឺការផ្ទុះឡើងនៃមេរោគបំប្លែងខ្លួនអូមីក្រុង និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន អាចនឹងផ្តល់ផលប៉ះពាល់ជាប្រយោល ទៅដល់ការរៀបចំខ្លួនរបស់ពួកគេ ក្នុងការបោះជំហានចូលផ្សារហ៊ុន៕