(អាំស្ទែរដាំ)៖ គេហទំព័រកក់កន្លែងស្នាក់នៅដ៏ល្បីឈ្មោះក្នុងពិភពលោកបានឱ្យដឹងថា ការធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងស្ថិតនៅក្រោយតំបន់ផ្សេងទៀតក្នុងពិភពលោក ហើយរំពឹងថានឹងស្ទុះងើបឡើងិវញយឺតយ៉ាវ ខណៈប្រទេសនានាក្នុងតំបន់នេះបើកដំហរប្រទេសឡើងវិញយឺតជាងប្រទេសក្នុងតំបន់ផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Laura Houldsworth នាយកគ្រប់គ្រប់ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិករបស់គេហទំព័រ Booking.com ខណៈថ្លែងក្នុងបទសម្ភាសមួយថា ដោយប្រទេសនៅតំបន់អាស៊ីខាងជើងនៅតែរឹតបន្តឹងការចូលក្នុងប្រទេស ហើយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បើកចំហរប្រទេសឡើងវិញដោយប្រុងប្រយ័ត្ន ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់តំបន់នេះ នឹងមិនមានល្បឿនឆាប់រហ័សនោះទេ។

តំបន់អាស៊ីប៉ាស៊ីហ្វិកក៏គួរតែរំពឹងថានឹងរងគ្រោះពីការធ្លាក់ចុះចំនួនភ្ញៀវទេសចរពីប្រទេសរុស្ស៊ីផងដែរ បន្ទាប់ពីការឈ្លានពានរបស់ប្រទេសនេះទៅលើប្រទេសអ៊ុយក្រែនបានជំរុញឱ្យមានការលុបចោលជើងហោះហើរយ៉ាងច្រើនកាលពីខែមុន។ ទិសដៅកម្សាន្តឆ្នេរសមុទ្រក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី ឥណ្ឌា និងម៉ាល់ឌីវ ជាធម្មតាគឺជាទិសដៅដ៏មានប្រជាប្រិយភាពក្នុងចំណោមភ្ញៀវទេសចររុស្ស៊ី។

ដោយកត់សម្គាល់ថា ជម្លោះនេះនឹងមានផលប៉ះពាល់លើតម្រូវការធ្វើដំណើរក្នុងចំណោមជនជាតិអឺរ៉ុបភាគខាងកើតជាទូទៅ អ្នកស្រី Houldsworth មានប្រសាសន៍ថា៖ «ស្ថានភាពណាមួយក្នុងចំណោមស្ថានភាពទាំងនេះនឹងធ្វើឱ្យមនុស្សគិតឡើងវិញអំពីផែនការធ្វើដំណើររបស់ពួកគេ»

គេហទំព័រ Booking.com ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Booking Holdings Inc របស់អាមេរិក កាលពីសប្តាហ៍មុនបានផ្អាកប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី ដោយចូលរួមជាមួយក្រុមហ៊ុនរបស់ប្រទេសលោកខាងលិចផ្សេងទៀតដើម្បីដាក់ប្រទេសរុស្ស៊ីឱ្យនៅឯកោ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕