(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សង្គ្រាមនៅអ៊ុយក្រែនបានកំពុងជំរុញឱ្យតម្លៃថាមពល និងគ្រាប់ធញ្ញាជាតិឱ្យឡើងកាន់តែខ្ពស់ និងបង្កឱ្យមនុស្សជាង ១លាននាក់រត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន ខណៈដែលមានការបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ីកាន់តែច្រើន ដែលកំពុងបង្កឱ្យមានផលប៉ះពាល់ខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

មូលនិធិ IMF បានឱ្យដឹងក្នុងសេក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដែលមានលោកស្រី Kristalina Georgieva ប្រធានមូលនិធិនេះធ្វើជាប្រធានថា៖ «ខណៈស្ថានភាពនៅតែមានភាពប្រែប្រួលខ្លាំង ហើយចក្ខុវិស័យនៅតែមានភាពមិនប្រាកដប្រជាខ្លាំង ផលវិបាកផ្នែកសេដ្ឋកិច្ចមានភាពធ្ងន់ធ្ងរខ្លាំងរួចទៅហើយ»

សេចក្តីប្រកាសដដែលនេះឱ្យដឹងទៀតថា៖ «ជម្លោះដែលកំពុងកើតមាន និងទណ្ឌកម្មដែលពាក់ព័ន្ធ ក៏នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកផងដែរ»។ IMF បានបន្តថា វិបត្តិនេះកំពុងបង្កើតឱ្យមានបញ្ហាត្រលប់ទៅលើអតិផរណា និងសកម្មភាពសេដ្ឋកិច្ចនៅពេលមួយដែលសម្ពាធតម្លៃមានខ្ពស់ស្រាប់ទៅហើយនោះ។

មូលនិធិ IMF បន្តថា បញ្ហាតម្លៃនឹងកើតមាននៅទូទាំងពិភពលោក ហើយអាជ្ញាធរនានាគួរផ្តល់ការគាំទ្រផ្នែកសារពើពន្ធសម្រាប់គ្រួសារក្រីក្រដែលមានការចំណាយច្រើនទៅលើអាហារនិងប្រេងឥន្ធនៈនៅក្នុងការចំណាយរបស់ពួកគេ។ IMF បន្ថែមថា ការខូចខាតផ្នែកសេដ្ឋកិច្ចនឹងកើនឡើងថែមទៀត បើសង្គ្រាមកើតឡើងកាន់តែខ្លាំង។

ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដោយសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសផ្សេងទៀត ក៏នឹងមាន «ផលប៉ះពាល់ខ្លាំងផងដែរទោលើសេដ្ឋកិច្ចពិភពលោក និងទីផ្សារហិរញ្ញវត្ថុពិភពលោក ដោយមានការរាលដាលខ្លាំងទៅដល់ប្រទេសផ្សេងទៀត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕