(ភ្នំពេញ)៖ នៅក្នុងរយៈពេល២ខែ នៃដើមឆ្នាំ២០២២ កម្ពុជាបាននាំអង្ករចេញគ្រប់ប្រភេទបានចំនួន ១០៣ ០៥៨តោន ដែលគិតជាទឹកប្រាក់ចំនួនជាង ៦៦.៦៩ លានដុល្លារ និងបាននាំស្រូវចម្រុះគ្រប់ប្រភេទ ទៅកាន់ទីផ្សារប្រទេសវៀតណាមបានចំនួន ៦៤១ ១០១តោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ១៤៧.៧៨ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមីនានេះ។

បរិមាណនាំចេញអង្ករ មានកំណើនសរុបចំនួន ៣៥.២១% ហើយស្រូវមានកំណើនចំនួន១៦.៤៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២១។ បរិមាណអង្ករក្រអូបចំនួន ៧៧.៦៤% និងអង្ករសចំនួន២០.៤៤% អង្ករសរីរាង្គ និងអង្ករចំហុយបានចំនួន ១.៩២% ត្រូវបាននាំចេញក្នុងរយៈពេល២ខែ នៃឆ្នាំ២០២២។

គោលដៅចំនួន៤២ ត្រូវបាននាំអង្ករចេញទៅដែលក្នុងនោះរួមមាន ១. ប្រទេសចិនមានបរិមាណចំនួន ៥៣.២៥% ២. ប្រទេសបារាំងចំនួន ១១.៦៤% ៣. ប្រទេសម៉ាឡេស៊ីចំនួន ៤.៤៦% ៤. ប្រទេសព្រុយណេចំនួន ៤.២០% ៥. ប្រទេសហូឡង់ចំនួន ៣% ៦. ប្រទេសអង់គ្លេសចំនួន ២.៨១% ៧. ប្រទេសសាធារណៈរដ្ឋឆែក ចំនួន២.៧៩% ៨. ប្រទេសហ្កាប៊ុងចំនួន ២.៥២% ៩. ប្រទេសអ៊ីតាលីចំនួន ២.៣៤% ១០. បណ្តាគោលផ្សេងចំនួន ៣៣(ដែលក្នុងនោះមានទាំងប្រទេស រុស្សី និងអ៊ុក្រែន ផងដែរ) ស្មើរនឹងចំនួន ១២.៩៩% ។
សម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន ៥០ ០២២ តោន និងស្រូវចំនួន ៣៧៥ ៥៩០ តោន ដែលគិតជាទឹកប្រាក់សរុបចំនួន ១១៩.២៧ លានដុល្លារសហរដ្ឋអាមេរិក៕