(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងលេខកូដ សម្គាល់អចលនទ្រព្យ ចំពោះក្រុមហ៊ុនសាងសង់បុរី ឬផ្ទះល្វែង បើមិនបង់ពន្ធ មិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបានឡើយ ហើយការបង្កើតប្រព័ន្ធនេះ ដើម្បីឲ្យមានតម្លាភាពសម្រាប់អ្នកបង់ពន្ធ។

ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធប្រចាំឆ្នាំ និងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំនឹងរៀបចំនូវប្រព័ន្ធគ្រប់គ្រងនៃអចលនទ្រព្យ នៅពេលដែលសហគ្រាស ដែលសាងសង់ជាបុរី សហគ្រាសដែលសាងសង់ជាផ្ទះ, បើថាអត់បានមកបង់ពន្ធ ហើយអត់មានលេខ Tax QR កូដនោះទេ មានន័យថា មកកាត់ឈ្មោះលក់អត់ចេញទេ»។

បើតាមការបញ្ជាក់ឲ្យដឹងពីអគ្គនាយកដ្ឋានពន្ធដារ ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ចំពោះក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែងនេះ អាចដំណើរការនៅចុងខែមេសា ឬក៏ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ខណៈនាពេលបច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ កំពុងអភិវឌ្ឍន៍កម្មវិធីនេះ។

បន្ថែមពីនោះទៀត លោក គង់ វិបុល បានឲ្យដឹងថា ក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែង ខ្លះ មកប្រកាសពន្ធថា ធ្វើផ្ទះឬវីឡា តែ១០០នោះទេ ប៉ុន្ដែនៅពេលទៅត្រួតពិនិត្យជាក់ស្ដែងមែនទែន គឺធ្វើរហូតដល់១៥០ ទៅ២០០ផ្ទះ ដែលធ្វើឲ្យការបង់ពន្ធ អត់ស្មើភាពគ្នា ដោយខ្លះបង់ពន្ធត្រឹមត្រូវ និងខ្លះទៀតបង់ពន្ធមិនត្រឹមត្រូវ។

លោក គង់ វិបុល បានបញ្ជាក់ថា ដើម្បីមានភាពស្មើគ្នា អគ្គនាយកដ្ឋានពន្ធដារ រៀបចំកម្មវិធីនេះ ដោយមាន QR កូដ រាល់ផ្ទះនីមួយៗ ដែលអភិវឌ្ឍន៍ទៅចេញជាប្រព័ន្ធ ដើម្បីឲ្យដឹងថា អ្នកនឹងមកទិញផ្ទះពីម្ចាស់បុរី មានអី QR កូដហើយបើអ្នកណាទិញដោយគ្មាន QR កូដនេះ មានន័យថា ម្ចាស់បុរីអត់បង់ពន្ធ និងអត់បានចុះបញ្ជី៕