(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា សង្គ្រាមរវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ី បានបង្កការភ័យខ្លាចដល់ម្ចាស់ភាគហ៊ុនរបស់ធនាគារពិភពលោក ហើយនឹងបង្កផលវិបាករយៈពេលយូរសម្រាប់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងគោលជំហររបស់រុស្ស៊ីនៅលើឆាកអន្តរជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក David Malpass ប្រធានធនាគារពិភពលោក បានថ្លែងថា ប្រតិកម្មរបស់ប្រទេសចិនចំពោះសង្គ្រាម និងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចលើទីក្រុងម៉ូស្គូ នឹងមានឥទ្ធិពលលើការកំណត់របៀបដែលទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគតរបស់ប្រទេសរុស្ស៊ីនឹងត្រូវធ្វើឡើង។

លោក Malpass មានប្រសាសន៍ថា៖ «ពិភពលោកកំពុងងារកទៅរកអ៊ុយក្រែនយ៉ាងខ្លាំង ហើយនោះនឹងមានផលវិបាករយៈពេលវែង អ្វីក៏ដោយដែលជាលទ្ធផលសង្គ្រាម»។

លោកបានរៀបរាប់អំពីការឈ្លានពានរបស់រុស្ស៊ីកន្លងមករួមទាំងការឈ្លានពានប្រទេសហុងគ្រីនៅឆ្នាំ១៩៥៦ ប្រទេសឆេកូស្លូវ៉ាគីនៅឆ្នាំ១៩៦៨ និងប្រទេសហ្សកហ្ស៊ីនៅឆ្នាំ២០០៨ និងការលេបយកតំបន់គ្រីមេក្នុងឆ្នាំ២០១៤ ប៉ុន្តែលោកថា សង្គ្រាមបច្ចុប្បន្នមានទំហំធំខ្លាំងជាងឆ្ងាយណាស់។

លោកមានប្រសាសន៍ថា៖ «សង្គ្រាមនេះមានការបំផ្លិចបំផ្លាញខ្លាំង និងមានមនុស្សស្លាប់ច្រើនដែលកំពុងកើតមានឡើង ដូច្នេះខ្ញុំគិតថា នឹងមានផលវិបាករយៈពេលយូរ»

ការធ្វើឱ្យប្រទេសរុស្ស៊ីឯកោផ្នែកហិរញ្ញវត្ថុនៅទូទាំងពិភពលោកបានកើតមានកាន់តែខ្លាំងឡើង ខណៈដែលផ្សារហ៊ុនក្រុងឡុងដ៍បានផ្អាកការជួញដូរមូលបត្ររបស់ក្រុមហ៊ុនរុស្ស៊ី និងខណៈដែលអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបន្តដាក់ចេញការទណ្ឌកម្មហិរញ្ញវត្ថុលើប្រទេសរុស្ស៊ី។

លោក Malpass បានថ្លែងថា ទណ្ឌកម្មជាច្រើនបានកំពុងមានផលប៉ះពាល់ខ្លាំងលើទំនាក់ទំនងរបស់រុស្ស៊ីជាមួយទីផ្សារហិរញ្ញវត្ថុ ខណៈដែលមានការកើនឡើងចម្ងល់អំពីការពឹងផ្អែករបស់ប្រទេសនេះទៅលើប្រទេសចិន និងមានការកើតមានបញ្ហាផ្គត់ផ្គង់ខ្លាំងចំពោះទីផ្សារថាមពល និងទីផ្សារអាហារពិភពលោក។

លោក Malpass ថ្លែងថា ប្រទេសចិនដែលជាម្ចាស់ភាគហ៊ុនធំមួយក្នុងធនាគារពិភពលោក មានភាពភ័យខ្លាចចំពោះអ្វីដែលកំពុងកើតមានឡើង។ លោកបន្ថែមថា៖ «នោះនឹងជាបញ្ហាសំខាន់មួយក្នុងរបៀបធ្វើពាណិជ្ជកម្មពិភពលោក។ ពួកគេទិញប្រេងពីរុស្ស៊ីនៅពេលទណ្ឌកម្មកំពុងស្ថិតនៅជាធរមាន ប៉ុន្តែក្រុមហ៊ុននានាអាចនៅតែស្ថិតនៅជាផ្នែកមួយនៃប្រព័ន្ធពិភពលោក នៅពេលដែលពួកគេមានការពាក់ព័ន្ធជាមួយប្រទេសរុស្ស៊ី? យើងនឹងមើលឃើញថាតើការវិវត្តនេះវានឹងកើតឡើងយ៉ាងដូចម្តេច»៕