(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចក្នុងកម្រិតទាបបំផុតរបស់ខ្លួនក្នុងរយៈពេលជាង ៣០ឆ្នាំ ខណៈមានសញ្ហាបង្ហាញថា ការធ្លាក់ចុះវិស័យអចលនទ្រព្យ វិធានការទប់ស្កាត់ជំងឺកូវីដតឹងរ៉ឹង និងហានិភ័យពិភពលោក នឹងបន្តរារាំងដល់តម្រូវការប្រើប្រាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីក្រុងប៉េកាំងនឹងកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ប្រហែល ៥,៥ភាគរយនៅឆ្នាំ បើយោងតាមសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីចិន Li Keqiang ដែលថ្លែងនៅពិធីបើកសម័យប្រជុំសភាប្រជាជនចិន។ សេដ្ឋវិទូភាគច្រើនដែលអង្កេតដោយទីភ្នាក់ងារព័ត៌មាន Bloomberg បានព្យាករថា ឬដ្ឋាភិបាលចិននឹងកំណត់ទិសដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៥-៥,៥ភាគរយ។

ក្រុមអ្នកបង្កើតគោលនយោបាយចិន កំពុងមានបំណងធ្វើឱ្យឱនភាពថវិការួមតូចមកនៅត្រឹម ២,៨ភាគរយនៃ ផ.ស.ស នៅឆ្នាំនេះ ធៀបនឹងទិសដៅឆ្នាំមុនប្រហែល ៣,២ភាគរយ។ ពួកគេក៏កំពុងមានបំណងបង្កើនការងារថ្មីនៅទីក្រុងជាង ១១លានកន្លែងថែមទៀតផងដែរនៅឆ្នាំ២០២២នេះ ដោយរក្សាអត្រាគ្មានការងារឱ្យស្ថិតនៅក្រោម ៥,៥ភាគរយ និងអត្រាអតិផរណានៅប្រហែល ៣ភាគរយ។

សេដ្ឋកិច្ចចិនបានចាប់ផ្តើមថមថយកំណើនកាលពីឆមាសទី២ ឆ្នាំមុន ដោយសារការធ្លាក់ចុះវិស័យអចលនទ្រព្យ ការផ្ទុះជំងឺកូវីដ-១៩ និងការធ្លាក់ចុះការចំណាយរបស់អ្នកប្រើប្រាស់។ ចក្ខុវិស័យសេដ្ឋកិច្ចបានធ្លាក់ចុះនៅឆ្នាំនេះជាមួយនឹងការកើនឡើងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ខណៈការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ និងជំរុញឱ្យទំនិញឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕